ព្រឹកនេះសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកជាផ្លូវការ


(ភ្នំពេញ)៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកជាផ្លូវ​ការ​​នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។ ពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នឹង​ត្រូវ​ស្វាគមន៍​​ដោយមានព្រះរាជសារព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី, សុន្ទរកថាស្វាគមន៍ដោយលោក ឯក ណាត ដាកាល អគ្គលេខាធិការ ISC, សុន្ទរកថា លោក ស៊ីយ៉េដ យូ​សា​ហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងសារ​អបអរ​សាទររបស់លោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។

ក្នុងពិធីបើកសន្និសីទនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះ ហើយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធាន​សភានៃអន្តរ​សភា​លើក​ទី២ ថ្លែងសុន្ទរកថាបើក។

សន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) គឺជា វេទិកា​អន្តរសភាថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៥។ វេទិកានេះមានគោល​បំណង​ជំរុញការ​កសាង​សហគមន៍ អន្តរជាតិមួយ ដែលប្រទេសទាំងអស់អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម​សកល​នានា លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្ស​ជំនាន់​ក្រោយ។

សន្និសីទបើកសម្ពោធ ISC ត្រូវបានរៀបចំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១-១២ ខែ​មេសា ឆ្នាំ២០២៥ ក្រោមមូលបទ «កសាងឯកភាពសកល៖ ពង្រឹងសន្តិភាព និងវិបុលភាពរួម តាមរយៈកិច្ច​សន្ទ​នា​​អន្តរសភា ដោយមានប្រធានសភា និងថ្នាក់ដឹកនាំសភាមកពីប្រមាណ ៤០ប្រទេសចូលរួម។

សន្និសីទ ISC លើកទី១ ត្រូវបានរៀបចំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមមូលបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» ដោយមានគណៈប្រតិភូមកពីសភា​ជាតិ​ចំនួន ៤០ប្រទេសចូលរួម។ សន្និសីទបានផ្ដោតលើការទូតសភា សន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរ​ភាព ការតភ្ជាប់សេដ្ឋកិច្ច និងបញ្ហាប្រឈមសកល ព្រមទាំងបានអនុម័តជាឯកច្ឆន្ទនូវសេចក្តី​ថ្លែងការណ៍​រួមទី​ក្រុង​អ៊ីស្លាម៉ាបាត។

សម្រាប់សន្និសីទប្រធានសភានៃអន្តរសភាលើកទី២នៅកម្ពុជា ដែលជាសមាជិកស្ថាបនិកនៃសន្និសីទនេះដែ​រ​នោះ រៀបចំឡើងក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះ​ស្រាយជម្លោះដោយសន្តិវិធី» ដោយមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់២៨ ខែសីហា។

សន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភា និងតំណាងសភាមកពីបណ្តាប្រទេសនានារង្វង់ប្រមាណ​ជា២០ប្រទេស និងអង្គការអន្តរជាតិចំនួន៥ផ្សេងទៀត មានដូចជាក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព, សភាអាមេរិកឡាទីន និងការ៉ាអ៊ីប, អង្គការអន្តរសភាអាស៊ាន AIPA និងសហព័ន្ធសន្តិភាពសកល។

សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ គឺជាការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ដោយមានប្រធានសភា ជា​ច្រើន​​ប្រទេសចូលរួមទាំងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងមានវត្តមានអង្គការ​អន្តរជាតិសំខាន់ៗ​ជាច្រើន​ទៀត​ចូលរួម។ នេះជាវេទិកាសំខាន់ នៅក្នុងការស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិ​ទូទាំង​សកលលោក ឱ្យរស់នៅប្រកបដោយសុខដុមរមនាជាមួយគ្នា។ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព លើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។

សន្និសីទប្រធានសភានៃអន្តរសភា (ISC) គឺជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលត្រូវបាន​បង្កើតឡើង​ក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមកពីបណ្តាប្រទេសនានា ដើម្បីជែក​ពិភាក្សា​និងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។

ការទទួលបានសិទ្ធិ​ធ្វើជាម្ចាស់ផ្ទះ​នៃសន្និសីទ ISC លើកទី២របស់កម្ពុជានេះ គឺជាការបន្តពង្រឹងតួនាទី និង​ឥទ្ធិ​ពលការទូតសភារបស់កម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែលេចធ្លោថែមមួយកម្រិតទៀត ដើម្បីរួមចំណែកដល់​តំបន់ និងពិភពលោកក្នុងការពង្រឹងពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការសភា ដើម្បីពង្រីកទំនាក់ទំនងរវាង​សភានៃបណ្តាប្រទេសជាសមាជិកក្នុងការថែរក្សាសន្តិភាព សណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយ​ចីរភាព, ការផ្លាស់ប្តូរទស្សនទាន និងឧត្តមានុវត្តន៍លើការអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាប្រឈមសកល ដូច​ជាសន្តិសុខបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម និងការលើកកម្ពស់មុខមាត់ជាតិ តាមរយៈ​ការ​បង្ហាញទៅកាន់ពិភពលោកពីស្ថិរភាពនយោបាយ វប្បធម៌ដ៏សម្បូរបែប និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា៕