ប្រមុខការពារជាតិកម្ពុជា និងអនុព័ន្ធយោធាហ្វីលីពីន បញ្ជាក់ពីការពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ


ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឱ្យ វរសេនីយ៍ឯក ជូណាថាន់ ផាលឡារ៉ា ប៉ាហ្វ (JONATHAN PHALLARA PAF ) នាយការិយាល័យអនុព័ន្ធយោធា (ថ្មី) នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ។ ជំនួបនេះ បានប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។

ការចូលជួបសម្តែងការគួរសម និងបង្ហាញមុខរបស់នាយការិយាល័យអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា គឺជាឱកាសដ៏សំខាន់មួយសម្រាប់បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋហ្វីលីពីន។

ជាមួយគ្នានេះ នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីទិសដៅ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសអំពីតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់សង្កេតការណ៍លើដីជាក់ស្តែងនៅតាមខ្សែបន្ទាត់ព្រំដែនមានជម្លោះកម្ពុជា-ថៃ និងពិនិត្យការអនុវត្តបទឈប់បាញ់។

សូមបញ្ជាក់ដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍ និងការពង្រឹងទំនាក់ទំនងរវាងស្ថាប័នការពារជាតិនៃប្រទេសទាំងពីរ នាពេលបច្ចុប្បន្ននេះ។