(វិចារណកថា) ” ដង្ហើម និងម្លប់នៃដើមឈើ “


គំនិតផ្តើម

«ដើមឈើតែងតែផ្តល់ប្រយោជន៍ឱ្យយើងដោយស្ងៀមស្ងាត់ ហើយអ្វីដែលដើមឈើត្រូវការគឺសុំត្រឹមតែឱកាសដើម្បីលូតលាស់ប៉ុណ្ណោះ។»

វិចារណកថា

នៅថ្ងៃក្តៅខ្លាំង ម្លប់ត្រឈឹងត្រឈៃក្រោមដើមឈើ ប្រៀបដូចជាកាដូ សម្រាប់យើង។ នៅក្រោមម្លប់នោះ ខ្យល់អាកាសត្រជាក់ជាងមុន ពន្លឺថ្ងៃស្រទន់ជាងមុន ហើយដីកន្លែងនោះក៏គួរឱ្យចង់អង្គុយសម្រាកជាងមុនដែរ។ ប៉ុន្តែ ដើមឈើមិនមែនទើបតែដុះនៅព្រឹកមិញនេះទេ។ កាដូដ៏ត្រជាក់នេះ កើតចេញពីការស្រូបយកពន្លឺព្រះអាទិត្យ ទឹក ដី និងការអត់ធ្មត់លូតលាស់ជាច្រើនឆ្នាំមកហើយ។

ស្លឹកឈើស្រូបយកពន្លឺព្រះអាទិត្យធ្វើរស្មីសំយោគ ស្រូបយក ឧស្ម័នកាបូនិក ហើយបញ្ចេញអុកស៊ីសែនមកបរិយាកាស។ ដើមឈើក៏ដកដង្ហើមដូចជាភាវៈរស់ដទៃទៀតដែរ។ នៅទូទាំងផែនដី រុក្ខជាតិ សារាយ មីក្រូសារពាង្គកាយ មហាសមុទ្រ និងបរិយាកាស បានចូលរួមក្នុងប្រព័ន្ធរួមគ្នាដ៏ស្មុគស្មាញ ដើម្បីថែរក្សាខ្យល់អាកាសសម្រាប់ឱ្យយើងដកដង្ហើមរាល់ថ្ងៃ។

ម្លប់ឈើ មិនមែនផ្តល់ត្រឹមតែភាពសុខស្រួលនោះទេ។ ដោយសារតែវាជួយបាំងពន្លឺថ្ងៃ និងបញ្ចេញចំហាយទឹក ដើមឈើអាចជួយឱ្យបរិយាកាសជុំវិញវាត្រជាក់បាន។ នៅតាមទីប្រជុំជន និងទីធ្លាសាលារៀន ការដាំដើមឈើដែលសមស្រប អាចជួយកាត់បន្ថយកម្ដៅ និងបង្កើតកន្លែងដែលមានសុវត្ថិភាព គួរឱ្យចង់ដើរលេង រៀនសូត្រ និងអង្គុយសម្រាក។

ប៉ុន្តែ យើងត្រូវចេះជ្រើសរើស និងថែទាំដើមឈើឱ្យបានត្រឹមត្រូវ។ ប្រភេទដើមឈើគួរតែត្រូវគ្នានឹងអាកាសធាតុ ដី ទីធ្លា និងគោលបំណងនៃការដាំ។ ឫសរបស់វាត្រូវការកន្លែងរីកធំធាត់ រីឯមែកឈើមិនត្រូវបង្កឱ្យមានគ្រោះថ្នាក់ដែលអាចបញ្ចៀសបាននោះឡើយ —មែកឈើដែលលូតលាស់មិនបានកាត់តម្រឹម អាចទាក់ខ្សែភ្លើង បាំងស្លាកសញ្ញាចរាចរណ៍ ឬងាយបាក់សង្កត់លើផ្ទះសម្បែង មនុស្ស និងយានយន្តនៅពេលមានភ្លៀងខ្យល់ខ្លាំង។ នេះជាគ្រោះថ្នាក់ដែលអាចការពារ និងបញ្ចៀសបាន ប្រសិនបើយើងឧស្សាហ៍កាត់តម្រឹម និងមើលថែ។កូនឈើតូចៗត្រូវការការការពារ ត្រូវការទឹក និងការតាមដានមើលថែ។ ការដាំដើមឈើ គឺជាការចាប់ផ្តើមនៃការទទួលខុសត្រូវ មិនមែនចប់ត្រឹមតែពិធីដាំកូនឈើនោះទេ។

នៅពេលដើមឈើធំធាត់ វាក៏ជួយផ្ទុកកាបូន ជួយទប់ដី និងធ្វើឱ្យដីមានជីជាតិ ព្រមទាំងផ្តល់ចំណី ឬជម្រកដល់ជីវិតសត្វដទៃទៀតផងដែរ។ ផលប្រយោជន៍របស់វាខុសៗគ្នាទៅតាមប្រភេទ អាយុ ស្ថានភាព និងទីកន្លែងដុះ។ ដើមឈើនៅក្បែរមាត់ទឹក អាចមានតួនាទីខុសពីដើមឈើនៅទីធ្លាផ្ទះ ក្នុងព្រៃ ឬនៅតាមចម្ការ។

ពេលយើងសម្រាកក្រោមម្លប់ឈើ យើងហាក់កំពុងបានឆ្លងកាត់ពេលវេលាដ៏វែងអន្លាយមួយ។ ដើមឈើត្រូវការពេលវេលាជាច្រើនឆ្នាំដើម្បីលូតលាស់ អាចផ្ដល់ម្លប់អោយយើងជ្រកបាន អាចផ្ដល់ ភាពត្រជាក់ស្រួលសម្រាប់យើងក្នុងពេលនេះបាន។ រឿងនេះអាចដាស់តឿនយើងឱ្យចេះដឹងគុណដើមឈើធំៗ និងមានការអត់ធ្មត់ជាមួយកូនឈើតូចៗ។ កូនឈើតូចមួយមិនអាចជំនួសដើមឈើធំចាស់បានភ្លាមៗនោះទេ ប៉ុន្តែបើមានការមើលថែដិតដល់ វានឹងចាប់ផ្តើមដំណើរជីវិតថ្មីមួយ។

សូមកត់សម្គាល់ផងដែរថា ដើមឈើមិនដែលរើសមុខអ្នកដែលមកជ្រកម្លប់របស់វានោះឡើយ។ ក្មេងតូច អ្នកធ្វើដំណើរ សត្វស្លាប កម្មករ ឬមនុស្សចម្លែកមុខ សុទ្ធតែអាចជ្រកកោនបានទាំងអស់។ ម្លប់ឈើ គឺជាមេរៀននៃការចេះចែករំលែកដោយមិនរើសអើង។

ថ្ងៃនេះ ចូរសាកល្បងទៅឈរក្រោមដើមឈើដែលមានសុខភាពល្អមួយដើម។ ចូរទទួលអារម្មណ៍ពីភាពខុសគ្នារវាងកម្ដៅថ្ងៃ និងម្លប់ឈើ។ សំឡឹងមើលទៅលើ រួចមើលចុះមកក្រោមសំដៅទៅរកឫសដែលអ្នកមើលមិនឃើញ។ ចូរឱ្យបទពិសោធន៍នេះ ក្លាយជាចំណងមិត្តភាព និងទំនាក់ទំនងពិតប្រាកដមួយជាមួយធម្មជាតិ។

ការពិចារណាតាមបែបព្រះពុទ្ធសាសនា

ទាន គឺការផ្តល់ឱ្យដោយមិនទាមទារការតបស្នងមកវិញ។ ដើមឈើអាចរំឭកយើងអំពីគុណធម៌មួយនេះ តាមរយៈផលប្រយោជន៍ជាច្រើនដែលវាបានផ្តល់ឱ្យ ដោយគ្រាន់តែវត្តមាននៃការរស់នៅរបស់វាប៉ុណ្ណោះ។ យើងអាចតបស្នងដល់ដើមឈើវិញ ដោយការទទួលយកដោយក្តីដឹងគុណ និងជួយថែរក្សាការពារ ដើម្បីឱ្យដើមឈើអាចលូតលាស់បានល្អ។

ការពិចារណាសម្រាប់ថ្ងៃនេះ

តើកាដូអ្វីខ្លះពីដើមឈើ ដែលបានជួយទ្រទ្រង់រូបខ្ញុំផ្ទាល់?

សកម្មភាពសម្រាប់ថ្ងៃនេះ

ចំណាយពេល ៥ នាទីក្រោមដើមឈើមួយដើម រួចកត់ត្រាទុកអំពីកម្ដៅ ម្លប់ សំឡេង និងសត្វល្អិត ឬសត្វស្លាបដែលមកលេងដើមឈើនោះ។ ថ្លែងអំណរគុណដល់អ្នកដែលបានដាំ ឬអ្នកដែលជួយថែរក្សាដើមឈើនៅក្បែរអ្នក។

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ

ថ្ងៃនេះ ខ្ញុំនឹងទទួលយកកាដូពីដើមឈើដោយក្តីដឹងគុណ ហើយនឹងជួយថែរក្សាឱ្យកាដូទាំងនោះនៅគង់វង្សតទៅទៀត។

«នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់—រួមទាំងខ្លួនយើងផងដែរ»។