(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ បានលើកឡើងថា ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវ «ច្បាប់ព្រៃ» ដែលកំណត់ថា «អ្នកខ្លាំងឈ្នះ» ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពល បង្ហាញសាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។
ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក សន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយ សន្តិវិធី»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមានទស្សនៈថា សហគមន៍ដែលគោរពច្បាប់របស់យើង គប្បីខិតខំស្វែងរកផ្លូវច្បាប់ ដើម្បីទប់ស្កាត់ល្បិចកលប្រផេះ (grey-zone tactics) ដែលចង់ពង្រីកមហិច្ឆតាទឹកដី និងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ»។
ថ្លែងលើអង្គវេទិកា ដែលមានអ្នកចូលរួមសុទ្ធតែជាថ្នាក់ដឹកនាំបណ្ដាប្រទេសសមាជិក, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងចំណុចទី៣ ស្តីពី «គណនេយ្យភាពស្ថាប័ន និងដំណោះស្រាយតាមផ្លូវច្បាប់» (Institutional Accountability and Legal Recourse) ថា ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវ «ច្បាប់ព្រៃ» ដែលអ្នកខ្លាំងជាអ្នកឈ្នះ ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តចេញសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ស្ថាប័ននីតិប្បញ្ញត្តិត្រូវឈរជារណសិរ្សជួរមុខ រួមគ្នាតស៊ូមតិ ដើម្បីការពារច្បាប់អន្តរជាតិ ការទូត ការសន្ទនាបើកចំហ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់។ តាមរយៈការចងក្រងបណ្តាញពហុភាគីនិយមឱ្យកាន់តែរឹងមាំ សំឡេងរួមត្រូវតែមានកម្លាំងខ្លាំងក្លា ដើម្បីប្រឆាំង និងទប់ស្កាត់ដោយសកម្មចំពោះការប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងនៅលើឆាកអន្តរជាតិ។
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការពង្រឹងគណនេយ្យភាពស្ថាប័ន ការប្រើប្រាស់យន្តការតាមផ្លូវច្បាប់ និងការរួមគ្នារបស់ស្ថាប័ននីតិប្បញ្ញត្តិ នឹងក្លាយជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងទប់ស្កាត់ការប្រើប្រាស់កម្លាំងដើម្បីសម្រេចមហិច្ឆតារបស់ប្រទេសណាមួយលើប្រទេសដទៃ៕








































































