ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យផែនការដោះស្រាយផលប៉ះពាល់ទីតាំងគម្រោងអភិវឌ្ឍន៍ស្ថានីយរ៉ាដាតេជោសែនទី២ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលើផែនការដោះស្រាយផលប៉ះពាល់ទីតាំងគម្រោងអភិវឌ្ឍន៍ស្ថានីយរ៉ាដាតេជោសែនទី២ ដែលស្ថិតនៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

សូមជម្រាបថា កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ (GDR) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តកណ្តាល និងរាជធានីភ្នំពេញ។

ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ និងពន្លឿនការដោះស្រាយផលប៉ះពាល់ដីទំហំ ៦៤ ហិកតា ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយរ៉ាដាតេជោសែនទី២ និងស្ថានីយរណប សំដៅធានាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឆ្លើយតបតាមតម្រូវការពហុវិស័យ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕