សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបអនុប្រធានរដ្ឋសភាវៀតណាម


ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់ (Nguyen Thi Thanh) សមាជិកាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ នៅភូមិគ្រឹះវិមានចំការមន។

ក្នុងជំនួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយចំពោះវត្តមានរបស់លោកជំទាវ និងគណៈប្រតិភូ ដែលអញ្ជើញមកកម្ពុជាចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចបានចាត់ទុកវត្តមាននេះ ជាសក្ខីភាពបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ព្រមទាំងបញ្ជាក់ពីជំនឿថា ប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីថែរក្សា និងពូនជ្រុំមិត្តភាពកម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងគង់វង្ស។

លោកជំទាវ ង្វៀន ធីថាញ់ បានសម្តែងក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានជួបសម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានបន្តមរតកពីជំនាន់មួយទៅជំនាន់មួយ។

សម្តេចចក្រី បានជំរុញឲ្យរដ្ឋសភាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជននៃកម្ពុជា និងវៀតណាម។

សម្តេចក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំវៀតណាមគ្រប់រូប និងជូនពរលោកជំទាវ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងបេសកកម្មការងារ និងមានសុខភាពល្អ៕