ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ឆ្នាំ២០២៦ និងកំណត់ទិសដៅភារកិច្ចបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម


នាថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម តំណាង ឯកឧត្ដម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ឆ្នាំ២០២៦ និងកំណត់ទិសដៅផែនការសកម្មភាពសម្រាប់អនុវត្តបន្ត នៅឆមាសទី២ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្ដម ជីវ ស៊ុនហេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យអង្គប្រជុំរួមគ្នាពិនិត្យ ធ្វើបច្ចុប្បន្នភាពលើលទ្ធផលការងារ ព្រមទាំងវាយតម្លៃលើចំណុចខ្វះខាត ដើម្បីជាមូលដ្ឋានក្នុងការកែលម្អឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ជីវ ស៊ុនហេង បានណែនាំឱ្យយុវជនទាំងអស់កំណត់នូវគោលដៅឱ្យបានច្បាស់លាស់ ស្របតាមបរិបទសេដ្ឋកិច្ច-នយោបាយបច្ចុប្បន្ន ព្រមទាំងរៀបចំផែនការសកម្មភាពសម្រាប់ការអប់រំនយោបាយ និងការផ្សព្វផ្សាយសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ឱ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ គ្រប់សមាសភាពទាំងអស់ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង បង្កើតបរិយាកាសការងាររីករាយ និងកិច្ចសហការជិតស្និទ្ធ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្រោមមាគ៌ាដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា៕