(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭក និងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋដែលរងផលប៉ះពាល់ ជិត ៦ម៉ឺនហិកតា នៅតាមបណ្តាក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយ និងឥទ្ធិពលបាតុភូតអេលីញូ។
នៅក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្ថានភាពដើមស្រូវគឺមានសភាពខ្លោចដោយអន្លើៗ ប៉ុន្តែអាចនៅ មានសង្ឃឹមប្រសិនជាការអន្តរាគមន៍នាំទឹកបានទៅដល់ទាន់ពេលវេលា។ មួយវិញទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះពីមធ្យមទៅបង្គួរ ហើយបានគ្របដណ្តប់និងស្រោចស្រពផ្ទៃដីស្រែខ្លះ នៅតាមបណ្តាស្រុកក្រុងមួយចំនួន បានធ្វើឱ្យស្រូវមានកម្លាំង និងអាចត្រូលអាកាសធាតុរាំងស្ងួតបានមួយរយៈខ្លីបន្ថែមទៀតផងដែរ។
ឯកឧត្តមបណ្ឌិត លើកឡើងទៀតថា ក្នុងកំឡុង ១០ថ្ងៃទៀត ប្រសិនមន្ទីរជំនាញអាចរុញទឹកទៅដល់គោលដៅរងគ្រោះ ឬភ្លៀងបន្តធ្លាក់នោះកសិករគឺអាចមានរំពឹងឡើងវិញ និយាយជារួមគឺស្រូវអាចសង្គ្រោះបានយ៉ាងហោច៧០% នៃផលប៉ះពាល់រួម។
ចំពោះស្រុកក្រុងចំនួន ៣ទៀតដែលគ្មានប្រភពទឹក អាជ្ញាធរស្រុក ក្រុងត្រូវរិះរកប្រភពទឹករួចសហការជាមួយមន្ទីរជំនាញធនធានទឹក ដើម្បីទាញទឹកពីស្ទឹងក្រាំងពន្លៃនៃស្រុកថ្ពងនាំយកទៅស្រោចស្រពផ្ទៃដីស្រែរបស់ ប្រជាពលរដ្ឋកំពុងរងគ្រោះនៅបណ្តាស្រុក ក្រុងដែលនៅក្បែរនោះ។
លោក យឹម ណន ប្រធានកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កូនរដូវប្រាំងដំណាក់កាលទី២ និងបាតុភូតអេលីញូបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវពលរដ្ឋ ៨ក្រុង ស្រុកមាន ស្រុកបសេដ្ឋចំនួន ៤ ៥០៦ហិកតា ក្រុងច្បារមនចំនួន ៩៩៣ហិកតា ស្រុកគងពិសីចំនួន ៧ ៣៩៤ហិកតា ស្រុកឱរ៉ាល់ចំនួន ៧៩៣ហិកតា ស្រុកសំរោងទងចំនួន ២៤ ១១៥ហិកតា ស្រុកក្រុងទាំង ៤នេះ សង្គ្រោះបានទាំងស្រុង។ ចំពោះស្រុកថ្ពងចំនួន ៤ ៤២១ហិកតា សង្គ្រោះបាន ២ ១៩៥ហិកតា ក្រុងឧដុង្គម៉ែជ័យចំនួន ៥ ២៤៩ហិកតា សង្គ្រោះបាន ១ ៧១៤ហិកតា និងស្រុកសាមគ្គីមុនីជ័យ ចំនួន ៩ ១២៨ហិកតា សង្គ្រោះបានចំនួន ១ ១៤០ហិកតា។
សូមបញ្ជាក់ថា ផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦ គឺចំនួន ១២០ ៥២៧ហិកតា ហើយអនុវត្តបានលើការព្រោះ ស្ទូង គិតត្រឹមចុងខែសីហា បានចំនួន ១២៧ ៥៨៧ហិកតា ស្មើ ១០៥,៨៦% ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៥ កើនឡើងចំនួន ៨ ២២៨ហិកតា៕

























