(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអបអរសាទរ និងកោតសរសើរយ៉ាងកក់ក្តៅចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យ ក្នុងការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
ការថ្លែងនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសលទ្ធផល នៃការប្រឡងសម័យប្រឡង១០ សីហា ២០២៦ នៅវិទ្យាល័យ ហ៊ុន សែនខ្លាកូន នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ជ័យជម្នះនេះគឺជាផ្លែផ្កានៃការលះបង់ ការអត់ធ្មត់ និងការតស៊ូព្យាយាមឥតឈប់ឈរអស់រយៈពេល ១២ឆ្នាំកន្លងមក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សញ្ញាបត្រដែលទទួលបាន គឺជាកូនសោរយ៉ាងសំខាន់ ឆ្ពោះទៅកាន់ដំណាក់កាលថ្មីមួយទៀតនៃជីវិត នោះគឺការអប់រំកម្រិតឧត្តមសិក្សា និងការកសាងជំនាញវិជ្ជាជីវៈ។
ជោគជ័យនេះមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកិត្តិយសដ៏ធំធេងសម្រាប់ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារទាំងមូលផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានសម្ដែងការសោកស្ដាយចំពោះសិស្សានុសិស្សដែលពុំទទួលបានលទ្ធផល ហើយបានលើកទឹកចិត្តកុំឲ្យអស់សង្ឃឹម ដោយមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដើម្បីទទួលបានចំណេះជំនាញសម្រាប់ជីវិត។
សូមបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ មានសិស្សជាប់និទ្ទេស A ចំនួន ៨៨នាក់, និទ្ទេស B ៤១៩នាក់, និទ្ទេស C ១០៦០នាក់, និទ្ទេស D ១៨៨៩នាក់ និងនិទ្ទេស E ១៩៧៩នាក់។ ចំណែកលទ្ធផលទូទាំងប្រទេស បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ស្មើនឹង ៨៤.០៦ភាគរយ៕



















