ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បណ្ឌិត មុនចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ AUN/SEED-Net-JICA ថ្នាក់បណ្ឌិត ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងនិស្សិតជ័យលាភីទាំង២រូប។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី កោតសរសើរ និងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងពីររូប ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ថ្នាក់បណ្ឌិតនេះ និងបានផ្តល់អនុសាសន៍ណែនាំឱ្យនិស្សិត ប្រកាន់ខ្ជាប់នូវវិន័យ និងសីលធម៌ ខិតខំក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធស្រាវជ្រាវថ្មីៗពីប្រទេសជប៉ុន ជាពិសេសចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការសិក្សាឱ្យចំទិសដៅ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់លើការថែរក្សាសុខភាព តាមរយៈការត្រៀមខ្លួនឱ្យរួចរាល់ក្នុងការសម្របទៅនឹងរបៀបរស់នៅថ្មី ការហូបចុក និងការផ្លាស់ប្តូរអាកាសធាតុនៅប្រទេសជប៉ុន ព្រមទាំងចូលរួមលើកកម្ពស់កិត្តិយសជាតិ តាមរយៈការចែករំលែកវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាដល់មិត្តភក្តិអន្តរជាតិ។

សូមជម្រាបជូនថា និស្សិតជ័យលាភីទាំង ២ រូប នឹងត្រូវបន្តការសិក្សាលើជំនាញវិស្វកម្មដឹកជញ្ជូន និងរៀបចំទីក្រុង នៅ Yokohama National University និងជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំណីអាហារ នៅ Kyushu University នៃសាធារណរដ្ឋជប៉ុន ក្រោមគម្រោងអាហារូបករណ៍ AUN/SEED-Net-JICA៕