(កំពត)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់ សម្រាប់សាងសង់បន្ថែម នូវអគារចំនួន១ខ្នង មាន៣ជាន់ សំដៅពង្រីកសេវាថែទាំសុខភាព និងព្យាបាលជំងឺជូនពលរដ្ឋ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពត ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។
ក្នុងដំណើរ ចុះពិនិត្យនេះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សេវាសុខាភិបាល ត្រូវបានគិតគូរជាអាទិភាព ដោយមានការអភិវឌ្ឍ និងធ្វើទំនើបកម្មលើវិស័យនេះ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាល ក៏បានជំរុញដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំអភិវឌ្ឍន៍លើវិស័យនេះនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានភាពល្អប្រសើរ ដើម្បីផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលមានបណ្ណសមធម៌ ក៏ដូចជាប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលប្រើប្រាស់បណ្ណ ប.ស.ស ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាល ជូនវីរកងទ័ព និងគ្រួសារកងទ័ពរបស់យើងផងដែរ។
ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា អគារថ្មីដែលគ្រោងនឹងសាងសង់ក្នុងពេលខាងមុខនេះ មានកម្ពស់ ៣ជាន់ (ជាន់ផ្ទាល់ដី, ជាន់ទី១ និងជាន់ទី២) ដែលមានបណ្តោយ ៧៥ម៉ែត្រ និងទទឹង ១៥ម៉ែត្រ ហើយការសម្រេចរៀបចំសាងសង់អគារបន្ថែម នាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការ នៃការមកទទួលសេវាពិនិត្យ ថែទាំ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក្រៅខេត្ត ក៏ដូចជាដើម្បីពង្រីកសេវាថែទាំព្យាបាលជំងឺជូនពលរដ្ឋ ពិសេសពង្រឹងការផ្តល់សេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរ រហ័សទាន់ចិត្ត និងមានផាសុកភាពជាងមុន៕










