ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងយន្តការការងារ និងដាក់ចេញទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់


ខេត្តកំពង់ធំ៖ នារសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារ និងត្រួតពិនិត្យសកម្មភាពនៅថ្នាក់មូលដ្ឋាន ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្ស និងប្រធានសាខាភូមិទាំង ៦ ប្រមាណ ៦៥នាក់ នៅទីស្នាក់ការគណបក្សឃុំកំពង់ចិនជើង។

​ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ជីវ ស៊ុនហេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ថោ ជេដ្ឋា ជូនចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ព្រមទាំងបានដាស់តឿនឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព ខិតខំបម្រើប្រជាពលរដ្ឋ និងបំពេញភារកិច្ចឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមបានដាក់ចេញនូវទិសដៅ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងជ័យជម្នះជូនគណបក្ស។

​នាឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់សមាជិកបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចគន្លឹះសំខាន់ៗ ដោយត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្សឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ខិតខំកសាងសមាជិកថ្មីបន្ថែម ជាពិសេសស្រទាប់យុវជន ព្រមទាំងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដោយត្រូវចុះជាប់ដោះស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់អំពីសមិទ្ធផលនានាក្នុងឃុំកំពង់ចិនជើង នាពេលកន្លងមក រួមមាន ការកសាងផ្លូវលំ ប្រព័ន្ធលូរំដោះទឹក និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវសាធារណៈ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តល់ជូនអំពូលសូឡាចំនួន ២០ គ្រឿងបន្ថែមទៀតដែលជាឧបត្ថម្ភរបស់ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ដើម្បីបម្រើផលប្រយោជន៍ និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

​ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះសួរសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមភូមិ ជាពិសេសស្ត្រីទើបសម្រាលកូន គ្រួសារមានមរណទុក្ខ និងគ្រួសារដែលមានជីវភាពខ្វះខាត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអនុវត្តទិសដៅទាំងនេះ មិនត្រឹមតែជាការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងសកម្មប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាកំណត់ក្នុងការរក្សាប្រជាប្រិយភាព និងទំនុកចិត្តយ៉ាងរឹងមាំពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕