ចក្ខុវិស័យពន្ធដាររបស់កម្ពុជា អូស្ត្រាលី និងសមាជិក SGATAR លើការពង្រឹងស្មារតីនៃការបង់ពន្ធ និងការកសាងទំនុកចិត្តពីអ្នកជាប់ពន្ធ ស្ថិតនៅក្នុងទំព័រតែមួយ !


(សិង្ហបុរី)៖ ថ្ងៃទី១នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សា និងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក (SGATAR) ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី លោក Rob Hefferen មេពន្ធដារអូស្ត្រាលី (Australian Taxation Office – ATO) ចែករំលែកមេរៀនបទពិសោធន៍ និងឧត្តមានុវត្តល្អៗ ដល់រដ្ឋបាលសារពន្ធជាសមាជិក SGATAR លើប្រធានបទ ការពង្រឹងស្មារតីនៃការបង់ពន្ធ និងការកសាងទំនុកចិត្តពីអ្នកជាប់ពន្ធ (Strengthening Tax Moral and Building Trust)។

ក្នុងបទបង្ហាញដ៏មានអត្ថន័យរបស់មេពន្ធដារអូស្ត្រាលី បានចែករំលែកអំពើគោលការណ៍របស់រដ្ឋបាលសារពើពន្ធអូស្ត្រាលីអនុវត្តន៍ដោយផ្តោតលើ ភាពយុត្តិធម៌ (Fairness) ភាពងាយស្រួលក្នុងការបង់ពន្ធ (Ease of Compliance) និងទំនុកចិត្ត (Trust) ជាមូលដ្ឋាននៃការពង្រឹងសីលធម៌ពន្ធ ជំរុញការចូលរួមរបស់វិស័យឯកជន។

ជាមួយគ្នានេះ បណ្តាសមាជិក SGATAR ផ្សេងទៀត ក៏បានធ្វើបទបង្ហាញលើប្រធានបទខាងលើផងដែរ។ តាមរយៈបទបង្ហាញទាំងអស់នោះ បានបញ្ជាក់យ៉ាងច្បាស់ថា ចក្ខុវិស័យពន្ធដាររបស់កម្ពុជា អូស្ត្រាលី និងសមាជិក SGATAR ផ្សេងៗទៀត ស្ថិតនៅក្នុងទំព័រតែមួយ។

សូមជម្រាបថា ក្នុងកិច្ចពិភាក្សា នាថ្ងៃទី១នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សា និងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក (SGATAR) បានផ្តោតលើប្រធានបទ «ការពង្រឹងស្មារតីនៃការបង់ពន្ធ និងការកសាងទំនុកចិត្តពីអ្នកជាប់ពន្ធ (Strengthening Tax Morale and Building Trust)» លោក គង់ វិបុល មេពន្ធដារកម្ពុជា បានចែករំលែកបទពិសោធន៍​នៃការអនុវត្តវិធានការនានា ដែលរដ្ឋបាលសារពើពន្ធ បាននិងកំពុងអនុវត្តនៅប្រទេសកម្ពុជា ដើម្បីពង្រឹង និងបង្កើនទំនុកចិត្តរបស់អ្នកបង់ពន្ធលើប្រព័ន្ធពន្ធដារ​ តាមរយៈការកែទម្រង់រដ្ឋបាលសារពើពន្ធ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល​, ការធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្ដល់សេវា ជូនអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាព​ តម្លាភាព​ និងរក្សាសុវត្ថិភាពទិន្នន័យជូនអ្នកជាប់ពន្ធ​, និងការពង្រឹងភាពអាចប៉ាន់ប្រមាណបាន​ ព្រមទាំងការបន្តកិច្ចសហការល្អ និងភាពជាដៃគូជាមួយវិស័យឯកជន។

តាមរយៈបទបង្ហាញដោយបណ្ដារដ្ឋបាលសារពើពន្ធជាសមាជិក SGATAR បានបង្ហាញថា គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់កន្លងមករបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក្នុងការកសាងទំនុកចិត្ត និងពង្រឹងអនុលោមភាពសារពើពន្ធ គឺស្របតាមនិន្នាការ និងឧត្តមានុវត្តជាអន្តរជាតិ ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលសារពើពន្ធ ក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី គង់ វិបុល បទបង្ហាញដោយចែករំលែកនូវបទពិសោធន៍នៃការធ្វើកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយពង្រឹងនូវក្រមសីលធម៌ និងកសាងទំនុកចិត្តផ្នែកពន្ធ ដោយការធ្វើទំនើបកម្មតាមរយៈប្រព័ន្ធឌីជីថល ជូនដល់អ្នកជាប់ពន្ធឱ្យកាន់តែងាយស្រួលក្នុងការបង់ពន្ធ។

បន្ថែមលើសពីនេះ អគ្គនាយកដ្ឋានពន្ធដាររៀបចំនូវវេទិកាវិស័យរដ្ឋ និងឯកជ​ន ដើម្បីជជែកដោះស្រាយបញ្ហានានាដែលវិស័យឯកជនជួបប្រទះ បន្ថែមពីលើការវេទិកាពន្ធដារប្រចាំឆ្នាំនានា ជាមួយវិស័យឯកជន ហើយថែមបង្កើតកម្មវិធី Live Show តាមរយៈហ្វ៊េសប៊ុកផេកផ្លូវការ ដើម្បីពន្យល់ជូនអ្នកជាប់ពន្ធឱ្យបានកាត់ជ្រួតជ្រាបអំពីកាតព្វកិច្ចពន្ធ។

អ្វីដែលចាប់អារម្មណ៍ បទបង្ហាញរបស់ឯកឧត្តមរដ្ឋម​ន្ត្រីប្រតិភូ គង់ វិបុល ដែលបានចែករំលែកនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ ថ្ងៃទី១ បានធ្វើឱ្យប្រតិភូរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក មានការភ្ញាក់ផ្អើល ចំពោះសមិទ្ធផលនៃកំណែទម្រង់របស់រដ្ឋបាលសារពើពន្ធកម្ពុជា ដែលជាគំរូមួយជួយសមាជិក SGATAR អាចរៀនសូត្រតាម៕