(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈស្ដីពី “ថវិកាអប់រំប្រចាំឆ្នាំ២០២៦” និងពិធីផ្សព្វផ្សាយជាផ្លូវការ «របាយការណ៍នៃកម្មវិធីអន្តរជាតិស្ដីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA-2025) របស់ប្រទេសកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ តំណាងសាលារៀនរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធ។
ថ្ឡែងនាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកយ៉ាងសំខាន់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងកំណែទម្រង់ប្រព័ន្ធអប់រំ និងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យរីកចម្រើនឆ្ពោះទៅកាន់ស្ដង់ដាក្នុងតំបន់ និងអន្តរជាតិ។ វឌ្ឍនភាពនៃកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាបច្ចុប្បន្ននេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មរវាងដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស លោកគ្រូ អ្នកគ្រូទាំងអស់ដែលជាប្រតិបត្តិករបង្រៀនសិស្សដោយផ្ទាល់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីដំណើរវិវត្តនៃកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន ដែលបានឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់ ដោយផ្ដើមចេញពីកំណែទម្រង់ដំណាក់កាលទី១ លើ ៨ចំណុចអាទិភាព និងឈានទៅដំណាក់កាលទី២ ក្នុងឆ្នាំ២០១៥ លើសសរស្ដម្ភចំនួន ៥ ដែលក្នុងនោះរួមមាន ការពង្រឹងគោលនយោបាយគ្រូបង្រៀន ការធ្វើអធិការកិច្ច រង្វាយតម្លៃ និងការកែលម្អកម្មវិធីសិក្សា។
ឯកឧត្តមបានបញ្ជាកថា ក្រសួងបានបង្កើត «សាលារៀនជំនាន់ថ្មី» ចំនួន ១៥កន្លែង ដើម្បីផ្ដល់ស្វ័យភាព និងបណ្ដុះបំណិនសតវត្សទី២១ ព្រមទាំងបានធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងពង្រឹងការអប់រំកម្រិតបឋមសិក្សាលើ «អំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅទូទាំងប្រទេស សំដៅធានាឱ្យកុមារកម្ពុជាចេះអាន សរសេរ និងគិតលេខបានគ្រប់ៗគ្នា។
ដើម្បីរួមចំណែកលើកម្ពស់វិស័យអប់រំនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានបញ្ជាក់ទៀតថា ក្នុងសន្និបាតអប់រំឆ្នាំ២០២២ ក្រសួង បានដាក់ចេញវិធានការកំណែទម្រង់ដំណាក់កាលទី៤ «ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព» ដោយផ្ដោតលើការគ្រប់គ្រងសម្រេចបានលទ្ធផល ការពង្រឹងប្រព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់គន្លងអាជីព ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការលើកទឹកចិត្ត និងការប្រែក្លាយបទពិសោធជោគជ័យនៃគម្រោងនានាឱ្យទៅជាគោលនយោបាយ និងស្ដង់ដាប្រតិបត្តិជាប្រព័ន្ធរួមតែមួយ។
នាចុងឆ្នាំ២០២៣ ស្របតាមវិធានការគន្លឹះទាំង៤ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងក៏បានដាក់ឱ្យអនុវត្ត ស្ដង់ដាសាលារៀនសាធារណៈគំរូ ចំនួន ៥ស្ដង់ដា ដើម្បីលើកកម្ពស់អភិបាលកិច្ច សុខភាពសិស្ស សកម្មភាពក្រៅម៉ោង និងភាពជាដៃគូរវាងរដ្ឋនិងសហគមន៍។ ជារួមភាពជោគជ័យនៃការកែទម្រង់សាលារៀន គឺពឹងផ្អែកលើ «ភាពជាអ្នកដឹកនាំរួមគ្នា» និងការបង្កើតគណនេយ្យភាពនៅកម្រិតមូលដ្ឋាន តាមរយៈការកែទម្រង់សមាសភាគសំខាន់ៗទាំង ៤ រួមមាន ការគ្រប់គ្រងទូទៅ/រដ្ឋបាល រដ្ឋបាលសិក្សា ហិរញ្ញវត្ថុអប់រំ និងការគ្រប់គ្រងបុគ្គលិក ដោយមានអ្នកអនុវត្តផ្ទាល់នៅមូលដ្ឋានជាប្រតិបត្តិករយ៉ាងសកម្មផងដែរ៕


























