(ស្ទឹងត្រែង)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូនាំយកអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់កងកម្លាំងយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ដែលបានខិតខំតស៊ូ និងបន្តឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងស្មារតីយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ដែលបានខិតខំតស៊ូ និងបន្តឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យបានរឹងមាំដូចកំពែងដែក ក្រោមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយការរួមចំណែកពីក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដែលនាំទៅប្រគល់ជូនកងកម្លាំង រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មធ្យោបាយធ្វើដំណើរ គ្រឿងម៉ាស៊ីន រថយន្ត១គ្រឿង និងថវិកាឧបត្ថម្ភ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារធនធានធម្មជាតិ ដែលជាចំណែកដ៏សំខាន់ពីកងកម្លាំងប្រដាប់អាវុធទាំងអស់។ ការប្តេជ្ញារួមកម្លាំងគ្នាយ៉ាងសកម្មក្នុងការការពារព្រៃឈើ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បានធ្វើឱ្យកម្ពុជាទទួលបានលេខ១ស្ទួន ៣ដង លើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសមានបរិស្ថាន និងធនធានធម្មជាតិល្អជាងគេ ជាប្រទេសប្រើប្រាស់ដី និងធនធានធម្មជាតិដោយចីរភាព និងជាប្រទេសដែលមានអេកូទេសចរណ៍ស្អាតជាងគេនៅអាស៊ាន។ ភាពជោគជ័យទាំងនេះ កើតចេញពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។
ថ្នាក់ដឹកនាំ និងនាយពលទាហានទាំងអស់នៃយោធភូមិភាគទី១ បានសម្តែងនូវក្តីរំភើប និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះភាតរភាពស្មោះត្រង់ពីបងប្អូនសមរភូមិក្រោយ ក្រោមពាក្យស្លោក «សមរភូមិក្រោយជួយសមរភូមិមុខ និងសមរភូមិមុខការពារសមរភូមិក្រោយអភិវឌ្ឍ»។
ជំនួបនេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែជាសាក្សីនៃស្មារតីរួបរួមគ្នាយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល ស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងបុព្វហេតុការពារ និងកសាងជាតិ នឹងនៅតែស្ថិតស្ថេរគង់វង្សជានិរន្តរ៍៕






























