គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៧៤៨ រូប ជាសមាជិក គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងប៉ោយប៉ែត, គណៈកម្មាធិការគណបក្សសង្កាត់, ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីសរុបប្រមាណ ៧៤៨រូប។
នាឱកាសនោះដែរ លោក គាត ហ៊ុល ប្រធានគណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានរំលេចនូវស្ថានភាព គណបក្សប្រជាជនកម្ពុជា នៅក្នុងក្រុងប៉ោយប៉ែត ។ ជាមួយគ្នានោះដែរ លោក ញ៉ែម ផឿង អនុប្រធានគណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត បានអានសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្សដែលមានចំនួនសរុប ៧៤៨រូប របស់គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ និងសមាជិកភាពដែលជា អតីតនិវត្តជន យុទ្ធជន ។ បន្ទាប់ពីការអាននូវសេចក្ដីសម្រេចរួចមក តំណាងសមាជិកថ្មីដែលត្រូវបានទទួលស្គាល់ បានឡើងធ្វើការប្ដេជ្ញាចិត្តក្នុងការដើរតាមគោលនយោបាយ គោរពលក្ខន្តិកៈ និងបទបញ្ញាផ្ទៃក្នុងរបស់គណបក្ស។
បន្ទាប់ពីការអានសេចក្ដីសម្រេច និងការប្ដេជ្ញាចិត្តរួចមកឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានអញ្ជើញប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិកជូនតំណាងសមាជិកថ្មី ចំនួន ១២រូប ជានិមិត្តរូប។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានពាំនាំ បណ្ដាំសាកសួរសុខទុក្ខនិងយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ សមាជិក សមាជិកា ព្រមទាំងអតីតនិវត្តជន យុទ្ធជន ដែលប្រកាសបញ្ជូលជាសមាជិកគណបក្ស នាពេលនេះ ។
ឯកឧត្តមបណ្ឌិតប្រធានក៏បាន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក ឃុំ និងគណៈកម្មាធិការគណបក្សស្រុក ឃុំ ដែលបានបំពេញតួនាទី និងភារកិច្ចយ៉ាងល្អ នាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការខិតខំបង្កើនសមាជិករបស់គណបក្សជាបន្ដបន្ទាប់ ដែលជាកម្លាំងគាំទ្រដ៏រឹងមាំ ដើម្បីរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកថ្មីទាំង ៧៤៨រូប ចំពោះការសម្រេចចិត្តក៏ត្រឹមត្រូវ ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានជួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។ លោកបានបញ្ជាក់ជូនសមាជិក សមាជិកាដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស, ត្រូវកសាងទំនាក់ទំនងល្អ ជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋជូនដល់ប្រជាជន, ត្រូវថែរក្សាធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រធានបានសង្កត់ធ្ងន់ថា សមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តគាំទ្រនិងលើកកម្ពស់គុណតម្លៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង និងត្រូវថែរក្សា “សន្តិភាព” ឱ្យបានគង់វង្សជាដាច់ខាត ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ និងបន្តគាំទ្រគោលជំហរ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ប្រកបដោយយុទ្ធសាស្ត្រលើបញ្ហាព្រំដែន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។
ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតប្រធាន បានផ្ដាំផ្ញើដល់អង្គពិធីទាំងអស់ ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្ស មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ៕


