(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានជួបសិស្សដែលតស៊ូប្រែក្លាយនិទ្ទេស F កាលពីឆ្នាំ២០២៥ ទៅជានិទ្ទេស A នៅឆ្នាំ២០២៦។
បើតាមសម្តេចតេជោ ជំនួបនេះ មិនត្រឹមតែ យុវសិស្ស វ៉ាន សែនវ៉ា ប៉ុណ្ណោះទេ ឪពុកម្តាយ និងបងស្រីក៏អនុញ្ញាតបានជួបសម្តេចដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងជំនួបនេះ ក្រៅពីការរៀបចំតម្រង់ទិសឱ្យយុវសិស្ស វ៉ាន សែនវ៉ា សិក្សានៅមហាវិទ្យាល័យហើយនោះ សម្តេចក៏បានរៀបចំបងស្រីរបស់គេម្នាក់ទៀត ឱ្យចូលមហាវិទ្យាល័យ ដែលប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥ តែមិនមានលទ្ធភាពរៀនបន្ត។
សូមបញ្ជាក់ថា យុវជន វ៉ាន សែនវ៉ា សិស្សវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន រាជធានីភ្នំពេញ បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ធ្លាក់ ក្នុងសម័យប្រឡងឆ្នាំ២០២៥ ហើយបានប្តេជ្ញាចិត្តតស៊ូ អត់ធ្មត់ ប្រឹងប្រែងរៀនសូត្របន្ថែម រហូតទទួលបាននិទ្ទេស A ក្នុងការប្រឡងនៅ២០២៦នេះ។
នេះជាគំរូដ៏ល្អមួយ បង្ហាញទៅកាន់យុវជនគ្រប់រូបថា លទ្ធផលមិនក្បត់ការខិតខំប្រឹងប្រែងនោះទេ ពោលគឺការជម្នះ និងពុះពាររាល់ឧបសគ្គ នឹងផ្ដល់នូវផ្លែផ្កាដ៏ពិសិដ្ឋដល់អ្នកដែលខិតខំប្រឹងប្រែងពិតប្រាកដ៕










