(ភ្នំពេញ-ង៉េអាន)៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈមជ្ឈិមបក្សខេត្តង៉េអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព ដោយផ្តោតលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវ និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងបី ព្រមទាំងការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍លើវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
នេះក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា វៀតណាម និងឡាវ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់។
សូមបញ្ជាក់ថា ជំនួបនេះបានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំរវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៕







