លោកជំទាវ រដ្ឋមន្ត្រី អ៉ឹង កន្ថាផាវី៖ ប្រទេសដែលវិនិយោគលើស្ត្រី កំពុងវិនិយោគលើភាពរុងរឿង ភាពធន់ និងសន្តិភាពយូរអង្វែង


(សៀមរាប)៖ លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ប្រទេសដែលវិនិយោគលើស្ត្រី គឺកំពុងវិនិយោគលើភាពរុងរឿង ភាពធន់ និងសន្តិភាពយូរអង្វែង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញចូលរួមបើក វេទិកាអន្តរជាតិ ស្តីពី «ការជំរុញការបញ្ជ្រាបយេនឌ័រ ឆ្ពោះទៅកាន់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥» នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងថា ទូទាំងពិភពលោក សន្ទុះសម្រាប់សមភាពយេនឌ័រកំពុងមានការកើនឡើង។ ពាក់ព័ន្ធនឹង «ការអំពាវនាវឱ្យមានសកម្មភាព របស់អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ», «សម្ព័ន្ធភាពសកម្មភាពសមភាពជំនាន់ (Generation Equality Action Coalitions)»។

លោកជំទាវបានបញ្ជាក់ទៀតថា «របៀបវារៈ Beijing+30» និងចលនាសកលសម្រាប់កំណែទម្រង់សេដ្ឋកិច្ចនៃការថែទាំ និងការដាក់បញ្ចូលឌីជីថលរបស់ស្ត្រី សុទ្ធតែបង្ហាញក្នុងទិសដៅតែមួយ៖ ប្រទេសដែលវិនិយោគលើស្ត្រី គឺកំពុងវិនិយោគលើភាពរុងរឿង ភាពធន់ និងសន្តិភាពយូរអង្វែង។

បន្ថែមពីនោះទៀត លោកជំទាវ បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តជាសកលទាំងនេះ ពង្រឹងការប្តេជ្ញាចិត្តដែលយើង បានអនុវត្តរួចហើយតាមរយៈអនុសញ្ញា CEDAW និងគោលដៅទី៥ (SDG5) ដោយរំលឹកយើងថា វឌ្ឍនភាពរបស់អាស៊ានគឺជាផ្នែកមួយ នៃចលនាសកលដ៏ទូលំទូលាយ ដើម្បីធានាថាគ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកចោលឡើយ។

លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថា អាស៊ាន គឺជាបណ្តុំនៃវប្បធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីដ៏សម្បូរបែប។ ភាពចម្រុះនេះ គឺជាកម្លាំងរបស់យើង។ ហើយតំបន់របស់យើង មានតម្លៃដែលពិភពលោកកំពុងត្រូវការយ៉ាងខ្លាំង។

លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងទៀតថា សមភាពយេនឌ័រក្នុងគ្រួសារ សាមគ្គីភាពសហគមន៍ និងបទដ្ឋានសង្គម ដែលផ្តោតលើការថែទាំ គឺជាមូលដ្ឋានគ្រឹះដ៏មានស្ថិរភាព ក្នុងពេលមានភាពមិនប្រាកដប្រជាជាសកល។

តម្លៃទាំងនេះ ការថែទាំ សន្តិភាព និងការទទួលខុសត្រូវរួមគ្នា គឺជាការរួមចំណែកជាយុទ្ធសាស្ត្រដល់ស្ថិរភាព និងភាពធន់សកល។ ពិភពលោកដែលមានសន្តិភាព និងការយកចិត្ត ទុកដាក់ជាងមុន ចាប់ផ្តើមពីសមភាពយេនឌ័រក្នុងតំបន់។ យើងតែងតែនិយាយថាស្ត្រីគឺជាមាតាពិភពលោក។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី។

លោកជំទាវបានលើកឡើងថា ការបញ្ជ្រាបយេនឌ័រ នាំយើងឱ្យកាន់តែខិតជិតទៅនឹងការពិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។ វាជួយយើងឱ្យយល់ពីរបៀប ដែលគោលនយោបាយ ប៉ះពាល់ដល់ស្ត្រី និងបុរស ក្មេងស្រី និងក្មេងប្រុស ដូចជា កសិករ កម្មកររោងចក្រ អ្នកជំនួញ អ្នកមើលថែទាំ សិស្សានុសិស្ស និងមេដឹកនាំសហគមន៍៕