សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំពលរដ្ឋជឿទុកចិត្តលើ​រដ្ឋា​ភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើ​រាជ​រដ្ឋា​ភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

ការអំពាវនាវបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ បានធ្វើឡើងក្នុងឱកាសដែលសម្តេច​អញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃទី១៦​ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណារដ្ឋាភិបាលមានសមត្ថភាពដោះស្រាយ ទ្វារនៅបើកដោយការចរចាប្រើច្បាប់ យន្តការការទូត និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងយន្តការរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងដើម្បីពន្លឿនការជជែកដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺនៅតែមានឱកាស។ ដូច្នេះ សូមប្រជាពលរដ្ឋ សូមមេត្តាយោគយល់។ បញ្ហាការដោះស្រាយព្រំដែនដោយសន្តិវិធីនេះ គឺមិនខុសពីការអត់ធ្មត់ចរចាដោះលែងវីរកងទ័ពយើងទាំង១៨នាក់ ដែលយោធាថៃ ប្រើល្បិចចាប់ធ្វើជាចំណាប់ខ្មាំងដោយខុសច្បាប់នោះទេ។ រាជរដ្ឋាភិបាលបានប្រើបប្រាស់យន្តការតាមផ្លូវច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ដែលអូសបន្លាយរយៈពេល ១៥១ថ្ងៃ រហូតមានការដាក់សម្ពាធទើបភាគីថៃ ព្រមដោះលែងវីរកងទ័ពយើងឱ្យមកជួបជុំប្រពន្ធ កូនវិញ។

ចំពោះបញ្ហាអាយុជីវិតវីរកងទ័ពកម្ពុជាទាំង១៨រូប, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅគ្រប់វេទិកាអន្តរជាតិ វេទិកា UN វេទិកាកាកបាទក្រហមអន្តរជាតិ និងវេទិកាសិទ្ធិមនុស្ស គឺរាជរដ្ឋាភិបាល និងមន្ត្រីរាជរដ្ឋាភិបាល បានប្រើប្រាស់វេទិកាទាំងនេះ ដើម្បីស្វែងរកការគាំទ្រ និងយុត្តិធម៌ រហូតមានការដោះលែងវីរកងទ័ពកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសុំឱ្យបងប្អូនបន្តជឿទុកចិត្តទៅលើរាជរដ្ឋាភិបាល ក្នុងការខិតខំបន្តដោះស្រាយបញ្ហាទឹកដីរបស់យើងដោយសន្តិវិធី ប្រើតាមផ្លូវច្បាប់ តទៅទៀត វាប្រើបេលយូរតែយើងមិនបានភ្លេចទេ​ យើងធ្វើការតវ៉ា អីឡូវ UNCLOS យើងប្តឹងទៅអង្គការសហប្រជាជាតិ…!»

ភ្ជាប់ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា មានក្រុមអ្នកវិភាគស៉ីអារម្មណ៍ក្រៅស្រុក នាំគ្នាវិភាគចោទប្រកាន់ថា ហេតុអីបានជារាជរដ្ឋាភិបាល មិនប្តឹងទៅអន្តរជាតិ ប៉ុន្តែ ក្រុមវិភាគនេះ គឺបានត្រឹមតែវិភាគបែបស៉ីអារម្មណ៍ និងស្រមើលស្រម៉ៃ ខណៈរាជរដ្ឋាភិបាល បានប្តឹងភាគីថៃ ឱ្យចូលមកដោះស្រាយបញ្ហាព្រំដែនដោយឈរលើច្បាប់អន្តរជាតិ បែរជាចេញមកវិភាគថា ការប្តឹងភាគីថៃ ទៅអន្តរជាតិគ្មានបានការទៅវិញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តំណាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមអ្នកច្បាប់ បានបន្តចូលរួមកិច្ចប្រជុំលើកដំបូងរបស់កម្ពុជា-ថៃ ជាមួយនឹងគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)​ ដោយអត់បាយ ទឹក ដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិកម្ពុជាទាំងមូល។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សូមក្រុមអ្នកវិភាគនៅក្រៅសាច់រឿង ដែលមិនយល់បញ្ហាសុំកុំព្យាយាមរុញច្រានបញ្ហាឱ្យសោះ ប្រសិនបើមិនយល់អំពីដំណើរការដោះស្រាយបញ្ហាព្រំដែន។ ខណៈរាជរដ្ឋាភិបាល ព្រមទាំងក្រុមអ្នកតំណាង និងអ្នកច្បាប់របស់កម្ពុជា គឺបានប្រឹងប្រែងដោះស្រាយ តាមដំណាក់កាល និងគោលដៅដោះស្រាយបញ្ហាដោយឈរលើមូលដ្ឋានច្បាប់។

ចំពោះការចេញទៅចរចាការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)​ គឺក្រុមការងារតំណាងកម្ពុជា និងអ្នកច្បាប់អន្តរជាតិ បានប្រឹក្សាយោបល់ ​ព្រមទាំងធ្វើកិច្ចការងារជាច្រើនខែ ក្នុងការត្រៀមលក្ខណៈ ដើម្បីបញ្ជាក់អំពីការធានាខុសត្រូវ ការការពារអធិបតេយ្យភាព ដែនសមុទ្ររបស់កម្ពុជា តាមយន្តការ UNCLOS នេះ។ ត្រង់ចំណុចនេះហើយជាការប្រើប្រាស់យន្តការអន្តរជាតិ នៅពេលណាដែលកម្ពុជា អស់ជម្រើសខណៈភាគីថៃ បានសម្រេចចិត្តលុប MoU ២០០១ ដោយឯកតោភាគី។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះការជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំនេះ គឺមិនមែនបិទផ្លូវជជែកគ្នារវាងភាគីកម្ពុជា​ និងថៃ នោះទេ ប៉ុន្តែ គឺមានភាគីទី៣ ជាអ្នកចូលខ្លួនមកសម្រសម្រួល។

គួរឱ្យដឹងថា​ មកដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ចូលរួមកិច្ចប្រជុំបិទទ្វារនាថ្ងៃទី៣ រវាងគណៈកម្មការផ្សះផ្សា ជាមួយភាគីកម្ពុជា និងថៃ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដោយមានការសម្របសម្រួលពីតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ក្នុងនាមជាបញ្ជីការដ្ឋាន (Registry)៕