នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ ជាមួយនឹងភាគីមិត្តចិនដឹកនាំដោយ ឯកឧត្តម យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារនៃកិច្ចប្រជុំគណៈកម្មាធិការលើកទី៧ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាកំណត់បញ្ហាប្រឈម កាលានុវត្តភាពថ្មីៗ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
កិច្ចប្រជុំបានផ្លាស់ប្ដូរយោបល់ស្ដីពីគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក៏ដូចជាពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបន្តគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម និងធុរកិច្ចបន្ថែមទៀត។




