(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជន និងប្រទេសយើង គឺការតតាំងផ្លូវច្បាប់ជាមួយប្រទេសថៃ ដោយប្រើច្បាប់អន្តរជាតិ និងដោយប្រើយន្តការអន្តរជាតិ ពោលគឺ UNCLOS ដែលជាអភិក្រម ដែលរដ្ឋាភិបាលបានដាក់ និងជាអ្វីដែលបានធ្វើ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្តែអារឿងទឹកដីយើងមិនដែលភ្លេចទេ។ ការដោះស្រាយគ្រប់វិធីទាំងអស់ មិនដែលភ្លេចសូម្បីមួយវិនាទី។ រាល់ថ្ងៃ កងទ័ពយើងនៅជួរមុខ ដើម្បីទប់ស្កាត់ ការពង្រឹង ការពារជាតិ បងប្អូនអត់បានចោលទេ។ មេទ័ពយើងដែលឈរជើងត្រៀមប្រយុទ្ធ អត់មាននរណាបោះបង់ទឹកដីឲ្យនរណាទេ។ បើថា បាត់ទឹកដីទាល់តែរដ្ឋាភិបាលស៉ីញ៉េ ឯកភាព យើងអត់មានឯកភាពទេ ស្អីដែលមានឯកភាពជាមួយថៃ មានតែសន្ធិសញ្ញា ១៩០៤ និង ១៩០៧ ដែលរដ្ឋបាលបារាំងស៉ីញ៉េជាមួយសៀមពេលនោះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «យើងមិនទាន់ស៉ីញ៉េឯកភាពគ្នា លើព្រំដែនគោកព្រំដែនទឹកទេ JBC ចុះធ្វើការ ២០ឆ្នាំ បានឯកភាពគ្នាមួយចំនួន ប៉ុន្តែមិនទាន់ធ្វើការផ្ទៀងផ្ទាត់ឡើងវិញនូវខ្សែព្រំដែនដែលបានវាស់នៅឆ្នាំ១៩០៧ នោះទេ។ អត់មានខ្សែព្រំដែនថ្មី ដែលត្រូវធ្វើទេ»។
សូមជម្រាបថា យន្តការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ទាំងព្រំដែនគោក និងព្រំដែនទឹក ត្រូវបានអនុវត្តតាមរយៈក្របខណ្ឌច្បាប់ និងយន្តការដោះស្រាយផ្សេងគ្នា។ ចំពោះព្រំដែនគោក ភាគីទាំងពីរមានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលបង្កើតឡើងក្រោមអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ និងត្រូវបានបញ្ជាក់ជាថ្មីក្នុងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យន្តការនេះដឹកនាំដោយរដ្ឋមន្ត្រីព្រំដែននៃប្រទេសទាំងពីរ ហើយធ្វើឡើងមួយឆ្នាំម្តង។
ក្រៅពី JBC ក៏មានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្នាក់ភូមិភាគ ដែលធ្វើការមួយឆ្នាំម្តងផងដែរ។ យន្តការទាំងនេះរួមមានការស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតាមកំណាត់ខ្សែព្រំដែនជាក់ស្តែង ដូចជាតំបន់បឹងត្រកួន អូរស្មាច់ អានសេះ និងថ្មដា។ កិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) និងអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) ក៏ត្រូវបានរៀបចំឡើងដើម្បីជំរុញការងារនេះ។
ចំណែកឯព្រំដែនសមុទ្រវិញ កម្ពុជាបានចាប់ផ្តើមនីតិវិធីក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រ។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់ UNCLOS មិនមែនជាការបោះបង់ការចរចាទ្វេភាគីលើព្រំដែនគោកឡើយ ព្រោះយន្តការទាំងពីរអាចដំណើរការស្របគ្នា។ កម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលជំហរប្រើប្រាស់មធ្យោបាយអហិង្សា ការទូត និងផ្លូវច្បាប់ ដើម្បីស្វែងរកដំណោះស្រាយស្របតាមច្បាប់អន្តរជាតិ និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនជានិច្ច៕






























































