អភិបាលខេត្តព្រះវិហារ ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រៀបចំកម្មវិធីវិនិយោគឱ្យឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងមានតម្លាភាព


(ព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានជំរុញយ៉ាងមុតមាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីធានាថា រាល់គម្រោងវិនិយោគដែលបានស្នើឡើង គឺមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការថ្លែងជំរុញនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ស្តីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ការរៀបចំផែនការវិនិយោគ គឺជាដំណើរការដ៏មានសារៈសំខាន់សម្រាប់កំណត់ទិសដៅអភិវឌ្ឍន៍នៅមូលដ្ឋាន។ ដូច្នេះ ការរៀបចំត្រូវធានាឱ្យមានបរិយាបន្ន និងភាពឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ក្នុងការកំណត់អាទិភាពគម្រោង ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ជៀសវាងការស្នើឡើងនូវគម្រោងដែលមិនស្របតាមតម្រូវការ ឬមិនអាចផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម គីម រិទ្ធី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីប្រមូលធាតុចូល និងទស្សនៈពីភាគីពាក់ព័ន្ធនានា ឱ្យការរៀបចំកម្មវិធីវិនិយោគមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ​ បានលើកឡើងថា រាល់គម្រោងដែលបានដាក់ស្នើ ត្រូវផ្តោតលើគោលការណ៍ប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីធានាថា ការវិនិយោគ និងការប្រើប្រាស់ធនធានអភិវឌ្ឍន៍ អាចបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់សហគមន៍ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការកំណត់អាទិភាព និងតម្រូវការអភិវឌ្ឍន៍របស់ខេត្ត ដោយផ្តោតលើការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីឱ្យគម្រោងដែលបានស្នើឡើងមានភាពសមស្រប អាចអនុវត្តបាន និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន៕