(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អង្គភាពសេនាតេជោនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទស ក្រសួងការពារជាតិ នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (Track II Network of ASEAN Defence and Security Institutions – NADI) ក្រោមមូលបទ «ការពង្រឹងមជ្ឈភាពអាស៊ានតាមរយៈយន្តការដែលមានស្រាប់ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងការលើកកម្ពស់សណ្តាប់ធ្នាប់តំបន់ផ្អែកលើច្បាប់»។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះនឹងមានការចូលរួមពីតំណាងស្ថាប័នការពារជាតិ និងសន្តិសុខចំនួន ១៤ស្ថាប័ន មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន។ ការជ្រើសរើសមូលបទនេះឆ្លុះបញ្ចាំងពីបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃស្ថានការណ៍ភូមិសាស្ត្រនយោបាយ និងបរិយាកាសសន្តិសុខទាំងក្នុងតំបន់ និងអន្តរជាតិ ដែលកាន់តែមានលក្ខណៈស្មុគស្មាញ។
មូលបទនេះនឹងផ្តល់ឱកាសឱ្យសមាជិក NADI ពិនិត្យ និងវិភាគអំពីតួនាទី ប្រសិទ្ធភាព និងលទ្ធភាពនៃការប្រើប្រាស់យន្តការដែលមានស្រាប់របស់អាស៊ាន ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ គោលការណ៍ និងបទដ្ឋានដែលបានឯកភាពរួម ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ។
លទ្ធផលនៃកិច្ចពិភាក្សា និងការសិក្សាក្នុងក្របខណ្ឌ NADI នឹងត្រូវបានរៀបចំចងក្រងជាអនុសាសន៍ និងធាតុចូលជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) សម្រាប់ពិចារណា និងគាំទ្រដល់ការរៀបចំទិសដៅនៃកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខរបស់អាស៊ាន។
កិច្ចប្រជុំនេះក៏នឹងជួយពង្រឹងការកសាងទំនុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងសមាជិកអាស៊ាន ស្របតាមគោលបំណងរួមក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ព្រមទាំងលើកកម្ពស់មជ្ឈភាពអាស៊ាន និងសណ្តាប់ធ្នាប់តំបន់ផ្អែកលើច្បាប់៕


