រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ជាមួយរដ្ឋបាលខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី


(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្ត ដើម្បីជំរុញឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងដំណើរការដោយរលូន។

ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម រួមនឹងប្រតិភូអមដំណើរ។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យផងដែរ។

ក្រុមការងារចម្រុះបានពិនិត្យ និងគូសព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ទាំង៦៧ ឱ្យត្រូវនឹងការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរដែនដី ដោយផ្អែកលើផែនទីព្រំប្រទល់ដែលចេញដោយក្រសួងមហាផ្ទៃ រួមទាំងព្រំប្រទល់ដែលបាន ឯកភាពគ្នា រវាងខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ការរៀបចំ និងកំណត់ព្រំប្រទល់រដ្ឋបាលនេះ គឺអនុលោមតាមមាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ឆ្នាំ២០០១ និងប្រកាសលេខ ៤៩៣ ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ។
ទោះបីជាព្រំប្រទល់មួយចំនួនត្រូវបានកែប្រែជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន និងតម្រូវការជាក់ស្តែងក៏ដោយ ក៏នៅមានចំណុចខ្វះខាតខ្លះនៅពេលកំណត់ព្រំប្រទល់លើដីជាក់ស្តែង។ ដូច្នេះ ការពិនិត្យរួមគ្នា សម្របសម្រួល និងដោះស្រាយឱ្យបានសមស្របនូវចំណុចដែលពុំទាន់ច្បាស់លាស់ គឺជារឿងចាំបាច់។

ការងារនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕