អគ្គស្នងការនគរបាលជាតិ បានជម្រុញឲ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីថ្មី ត្រូវរៀបចំ និងសិក្សាអំពីទីតាំងដែលជាជម្រកស្នាក់នៅរបស់កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរ


មណ្ឌលគិរី៖ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់តំណែងថ្មី មានភារកិច្ចចាំបាច់ត្រូវរៀបចំ និងសិក្សាអំពីទីតាំងដែលជាជម្រកស្នាក់នៅរបស់កងកម្លាំង នៅតាមបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរជាងនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនកងកម្លាំងនៅតាមព្រំដែន ដែលខិតខំឈរជើងការពារបូរណភាពទឹកដី ។ មិនតែប៉ុណ្ណោះ នាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ទៀតថា សម្រាប់ខេត្តមណ្ឌលគិរីគឺត្រូវបង្ការដាច់ខាត មិនត្រូវឲ្យមានករណីចំនួន២រឿង កើតឡើងបន្តទៀត នោះទេ ទី១ គឺករណីកងកម្លាំងប្រដាប់អាវុធបានបាញ់សម្លាប់អ្នកការពារព្រៃឈើ៣នាក់ និងទី២ គឺករណីឆេះផ្សារ សែនមនោរម្យ ដែលហេតុការណ៍ទាំងពីរនេះបានកើតឡើងក្នុងខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ ។

ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបញ្ជាក់ទៀតថា ស្នងការខេត្តមណ្ឌលគិរី ទើបឡើងកាន់តំណែងថ្មី ត្រូវបន្តរៀបចំវគ្គសិក្សាដល់មន្ត្រីនគរបាលសណ្ដាប់ធ្នាប់អគ្គីភ័យឲ្យមានបច្ចេកទេស ច្បាស់លាស់ ព្រោះឆ្លងកាត់ករណីឆេះផ្សារសែនមនោរម្យឃើញថា មន្ត្រីពន្លត់អគ្គីភ័យគឺនៅខ្វះបទពិសោធន៍នៅឡើយ ។

ឯកឧត្ដម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតបន្តថា ថ្នាក់ដឹកនាំស្នងការដ្ឋានខេត្តមណ្ឌលគិរី ក៏ត្រូវរៀបចំផែនការឲ្យល្អិតល្អន់ សហការ ជាមួយអង្គភាពពាក់ព័ន្ធ បង្ការការពារក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររដ្ឋសភានិតីកាលទី៦ ដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខនេះ និងត្រូវអប់រំ ដាក់វិន័យដល់កម្លាំងដែលល្មើសច្បាប់ឲ្យទាន់វេលា ។ នាយឧត្ដមសេនីយ៍ នេត សាវឿន ថ្លែងទៀតថា លោកក៏សូមកោតសរសើរដល់លោកស្នងការចាស់ ចំពោះសមិទ្ធិផលល្អៗ ដែលលោកសម្រេចបាន និងស្នើដល់លោកស្នងការថ្មី ត្រូវយកចំនុចល្អៗទាំងនេះបន្តដឹកនាំអង្គភាព ចំណែកមន្ត្រីក្នុងស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរីទាំងមូល ត្រូវរក្សាស្មារតីហ្នឹងនរ រួមប្រយុទ្ធជាមួយការងារការពារសន្តិសុខជូនសង្គមជាតិ ព្រោះ ការផ្លាស់ប្ដូរផ្ទេរភារកិច្ចស្នងការនៃស្នងការដ្ឋាន គឺជាការកែទម្រង់មួយ សំដៅរកសមិទ្ធិផលល្អជូនសង្គមជាតិ ។
ទន្ទឹមនេះ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានជម្រុញដល់ស្នងការថ្មី ត្រូវការពារទប់ស្កាត់ បទល្មើសតាមបន្ទាត់ព្រំដែនឲ្យមានប្រសិទ្ធិភាព និងបន្តចិត្តទុកដាក់ជាមួយមន្ត្រីថ្នាក់ក្រោម ព្រមទាំងអង្គភាពពាក់ព័ន្ធ ក្នុងបំណងការពារសន្តិសុខជូនពលរដ្ឋឲ្យល្អប្រសើរ ។

ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបទទួលតំណែងថ្មី ក៏បានប្ដេជ្ញាថានិងគោរពតាមបទបញ្ជាថ្នាក់លើ គោរពតាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត ខិតខំបំពេញភារកិច្ច អនុវត្តតួនាទី បម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត ព្រមទាំងដឹកនាំមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អនុវត្តតួនាទីឲ្យបានល្អប្រសើរ ។

សូមបញ្ជាក់ថា ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី គឺលោកឧត្ដមសេនីយ៍ទោ អ៊ុក សំណាង អតីតស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវផ្ទេរភារកិច្ចទៅបំពេញការងារថ្មី ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចំណែកលោកឧត្ដមសេនីយ៍ត្រី ឡោ សុខា អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មកកាន់តំណែងថ្មីជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ៕