កាលពីយប់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ខួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានដឹកនាំគណប្រតិភូ ចុះពិនិត្យការដ្ឋានផ្លូវដែក តភ្ជាប់ ពីស្ថានីយ៍អាយស្ម័យានភ្នំពេញ ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រង់ទីតាំងកំណាត់ផ្លូវដែកឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ី។
ផ្លូវដែកដែលកំពុងសាងសង់នេះមានប្រវែងប្រមាណ ១៦០០ម តភ្ជាប់ពីផ្លូវដែកដែលមានស្រាប់ មកកាន់ស្ថានីយ៍កំពុងរៀបចំថ្មី នៅអាកាសយានដ្ឋាន។ បច្ចុប្បន្នសម្រេចបាន ប្រមាណ ១៣០០ម គិតចាប់ពីដើមខែមករាឆ្នាំ២០១៨ ខណៈដែលស្ថានីយ៍ថ្មីនៅក្នុងអាកាសយានដ្ឋាន កំពុងដំណើរការសាងសង់ ដើម្បីដាក់អោយដំណើរការ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមការគ្រោងទុក។
ជាមួយនឹងការដឹកជញ្ជូនថ្មីក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់ អ្នកដំណើរ ទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ។
អ្វីដែលពិសេស គឺផ្លូវប្រមាណជាង ១គម នេះត្រូវបានពង្រីក ទទឹងដល់ទៅ ១៤ម មានផ្លូវរថភ្លើងកណ្តាល បង្កប់ក្រោមថ្នល់បេតុង ដែលអនុញ្ញាតអោយយានយន្តធ្វើចរាចរណ៍ លើនោះបានដោយមិនមានការព្រួយបារម្ភ។ ដោយឡែកត្រង់កំណាត់ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ត្រូវបានបង្កប់ ក្នុងកៅស៊ូអេស៊ីផងដែរ។
ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក្រុមការងារអនុវត្តការងារសាងសង់ផ្លូវដែកតែពេលយប់ប៉ុណ្ណោះ។
រថភ្លើងដែលនឹងដាក់ដំណើរការផ្លូវការ គឺកំពុងរៀបចំនីតិវិធីនាំមកមកពីប្រទេស ម៉ិចស៊ីកូ មានបីការ៉ុង ផ្ទុកអ្នកដំណើរប្រមាណ ១៥០នាក់ មានសុវត្ថិភាពខ្ពស់ និងផាសុខភាព ក្នុងការធ្វើដំណើរ។
ក្រៅពីនេះក្រសួង ក៏នឹងសិក្សាលទ្ធភាព ស្នើការសហការពីលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអនុញ្ញាតអោយ មានការកត់ត្រាចូល (Check in) អីវ៉ានរបស់អ្នកដំណើរតាមយន្តហោះ ពីស្ថានីយ៍រថភ្លើងភ្នំពេញ ដើម្បី ដឹកជញ្ជូនអីវ៉ានតាមរថភ្លើង ដាក់ចូលក្នុងយន្តហោះតែម្តង៕