នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបើកឲ្យដំណើរការបណ្តោះអាសន្ន សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែកពីស្ថានីយអាយស្ម័យានភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដែលមានប្រវែងសរុបប្រមាណ៩.៦១៤៣គម។
បច្ចុប្បន្ននេះយើងដំណើរការរថភ្លើងចំនួន០២គ្រឿងដែលមានស្រាប់ សម្រាប់ការផ្តល់សេវាដឹកជញ្ជូនអ្នក ដំណើរទៅមក ខណៈរង់ចាំរថភ្លើងថ្មីចំនួន០៣គ្រឿងបន្ថែមទៀត ដែលបានបញ្ជាទិញពីប្រទេសម៉ិចស៊ីកូ។ ទូររថភ្លើងនីមួយៗបំពាក់ដោយម៉ាស៊ីនត្រជាក់ មានកន្លែងអង្គុយសម្រាប់អ្នកដំណើរចំនួន៥៦នាក់ និង អាចឈរបានចំនួន៤៥នាក់ផ្សេងទៀត។
សេវាដឹកជញ្ជូនតាមរថភ្លើងនេះ ចេញដំណើររៀងរាល់៣០នាទីម្ដង ដោយប្រើប្រាស់ថេរវេលាប្រមាណ ២២ទៅ២៥នាទីក្នុងដំណើរមួយជើង។ ក្រោមកិច្ចសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អ្នក ដំណើរតាមជើងយន្តហោះអាចចុះឈ្មោះ(Check in) និងផ្ញើអីវ៉ាន់តាមម៉ាស៊ីនស្វ័យប្រវត្តិពីស្ថានីយ អាយស្ម័យានរាជធានីភ្នំពេញបានតែម្តង។
ការដាក់ឱ្យដំណើរការរថភ្លើងទៅកាន់ព្រលានយន្តហោះនៅពេលនេះ គឺដើម្បីផ្តល់ជម្រើសក្នុងការធ្វើដំណើរ ជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាយ ចំណេញពេលវេលា ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះ ចរាចរណ៍ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។
ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ ប្រើប្រាស់សេវានេះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ សមិទ្ធផលដ៏ឧត្ដុងឧត្ដម និងសម្បូរបែបរបស់ប្រជាជាតិយើងទាំង នេះកើតចេញពីសុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងការកោតសរសើរ យ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំង អស់ ពិសេសក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ដែលបានចូលរួមសហការ និងអភិវឌ្ឍឱ្យមានប្រព័ន្ធដឹកជញ្ជូនតាម ផ្លូវដែកនេះ។