ក្រសួងមុខងារសាធារណៈបានរៀបចំពិធីប្រកាសតែងតាំងលោក អុប ប៊ុនណាង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត


ខេត្តកំពត៖ នារសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈបានរៀបចំពិធីប្រកាសតែងតាំងលោក អុប ប៊ុនណាង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងមានការអញ្ជើញចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជំនាញជុំវិញខេត្តជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការ ឱ្យយល់កាន់តែច្បាស់ពីការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានចែងនៅក្នុងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមកិត្តិបណ្ឌិត ក៏បានបញ្ជាក់បន្ថែមឡើងវិញពីតួនាទី និងភារកិច្ចសំខាន់ៗរបស់មន្ទីរមុខងារសាធារណៈ ដែលមានដូចជា ការអនុវត្តគោលនយោបាយនិងផែនការរបស់ក្រសួងមុខងារសាធារណៈ ដែលពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និងការពិនិត្យ ផ្ទៀងផ្ទាត់ ផ្តល់យោបល់ គ្រប់គ្រង តាមដានត្រួតពិនិត្យលើសំណើ និងផ្តល់ទិដ្ឋាការនានាពាក់ព័ន្ធនឹងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការនៅក្នុងខេត្ត។

ជាទីបញ្ចប់ឯកឧត្តមកិត្តិបណ្ឌិត បានជំរុញអោយលោកប្រធានមន្ទីរថ្មី ចូលរួមជួយការពារផលប្រយោជន៍មន្ត្រីរាជការក្នុងខេត្ត ព្រមទាំងធ្វើជាសេនាធិការជូនគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត លើកិច្ចការមុខងារសាធារណៈ ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។