ឯកឧត្ដម ពៅ សុខ ៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានបញ្ចប់សង្រ្គាមនៅកម្ពុជាទេ


ឯកឧត្ដម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរបានលើកឡើងថា តាមការសិក្សាស្រាវជ្រាវរបស់ឯកឧត្ដម កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ ដែលមានបណ្តាប្រទេស១៩ ចូលរួមដឹងឮនោះ ពុំបានបញ្ចប់​សង្រ្គាម​នៅ​កម្ពុជាទេ ដោយគ្រាន់តែបានបង្កើតនូវយន្តការ៣ ក្នុងពេលតែមួយ នៃដំណាក់កាលអន្តរកាល គឺ ១.រដ្ឋកម្ពុជា ២.ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC )និង ៣.អ៊ុនតាក់។

ថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ពៅ សុខ បានពន្យល់ថា វីរបុរសបញ្ចប់សង្រ្គាមនៅកម្ពុជាពិតប្រាកដ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងប្ចុចប្បន្នសម្តេចជាប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ផង​ដែរ ដែលសម្តេចបិតា​សន្តិភាពរូបនេះ បានចំណាយពេល៤ឆ្នាំ(១៩៨៧-១៩៩១)ដើម្បីចរចា ទាំងជាមួយអតីតព្រះករុណា ព្រះបរមរតនកោដ្ឋ ទាំង​ជាមួយលោក សឺន សាន លោក ខៀវ សំផន និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទម្រាំឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយសម្តេចបានចំណាយពេល៧ឆ្នាំបន្ថែមទៀត(១៩៩១-១៩៩៨)ដើម្បីបញ្ចប់​សង្រ្គាម​ទាំង​ស្រុងនៅកម្ពុជាគឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សរុបមក សម្តេចតេជោ ហ៊ុន សែន បានចំណាយពេល១១ឆ្នាំ ដើម្បីបញ្ចប់សង្រ្គាម​​ស៊ីវិលទាំងស្រុងនៅកម្ពុជា បន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍នៅខែមករា ឆ្នាំ១៩៧៩។

ឯកឧត្ដម ពៅ សុខ បានថ្លែងបញ្ជាក់ថា ដើម្បីធ្វើជាសាក្សី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រៅពីស្នើឱ្យប្រ​ទេសអាស៊ានទាំង៦ ចូលរួម សម្តេច ហ៊ុន សែន ក៏បានស្នើផងដែរឱ្យមានប្រទេស៦ផ្សេងទៀតចូលរួមដឹងឮ ក្នុងនោះ រួមមាន៖ ១.ប្រទេសមិនចូលបក្សសម្ព័ន្ធចំនួន២, ២.ប្រទេសង្គមនិយមចំនួន២, ៣.ប្រទសមូលធននិយមចំនួន២ និងប្រទេសមហាអំណាចទាំង៥ រួមទាំងប្រទេសឡាវ និងវៀតណាម។

ឯកឧត្ដមបានបន្ដថា កិច្ចព្រមព្រៀងប៉ារីស ពុំមាននិយាយពីការត្រូវកោះប្រជុំ ឬសើរសើអង្គសន្និសីទនេះឡើងវិញទេ ហើយតាមគោលការណ៍ច្បាប់ អ្វី​ដែលគ្មាន​ចែង គឺគ្មានសិទ្ធិទាមទារ ឬតវ៉ាឡើងវិញឡើយ។

ឯកឧត្ដម ពៅ សុខ បានគូសបញ្ជាក់បន្ថែមថា ដូចករណីលោក ខៀវ សំផន និងលោក សឺន សាន ដែលនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់ (SNC) នៅភ្នំពេញ មុនការបោះឆ្នោតឆ្នាំ១៩៩៣ បានទាមទារឱ្យអ៊ុនតាក់ប្រើប្រាស់អំណាច ក្នុងការ​លុបបំបាត់​ចោល​​ការ​ចាយ​ប្រាក់រៀលខ្មែរ ហើយបែរទៅចាយ​លុយ​ដុល្លារទាំងស្រុងជំនួស វិញ។ ការទាមទារនេះ ត្រូវបានជំទាស់ ដោយសម្តេច ហ៊ុន សែន និងក៏ត្រូវបានលោក យ៉ាស៊ូស៊ី អាកាស៊ី ប្រធានអ៊ុនតាក់ ច្រានចោល ហើយស្តីបន្ទោសខ្លាំងៗថា សំណើទាំង​នេះគ្មាន​ចែង​នៅក្នុងជំពូក ឬផ្នែកណាមួយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ កាតព្វកិច្ចរបស់អ៊ុនតាក់ គឺរៀបចំការបោះឆ្នោត មិនមាន​ពាក់ព័ន្ធផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចឡើយ។ ឯកឧត្ដមក៏បានអះអាងផងដែរថា ករណីនេះ គឺដូចគ្នា ទៅនឹងជនវង្វេងប្រវត្តិសាស្រ្ត ឬហៅថាជនបំពុល​សង្គម​មួយ​ចំនួន ដែលមិនបានយល់ដឹងអ្វីសោះអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយតែងទាមទារកោះប្រជុំ ឬអនុវត្តន៍កិច្ចព្រម​ព្រៀង​ប៉ារីស​ឡើង​​វិញ បែបនេះ ឬបែបនោះ ទាំងងងឹតងងល់ ដើម្បីកេងចំណេញនយោបាយរបស់ពួកគេ។

សូមរម្លឹកផងដែរថា រដ្ឋកម្ពុជាជាយន្តការមួយ នៃរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេច​តេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលមាន​តួនាទី​សម្រាប់ការពារ ទប់ស្កាត់ការ​វិលត្រឡប់មកវិញ នៃរបបខ្មែរក្រហម និងការ​ពារសន្តិសុខ​ សណ្តាប់​ធ្នាប់សង្គម កសាងវិស័យ​សេដ្ឋកិច្ច និងការពាណិជ្កម្មជាដើម។ រដ្ឋាភិបាលរដ្ឋកម្ពុជា មិនមានសិទ្ធិអំណាច ឬឥទ្ធិពល លើក្រុម​ប្រឹក្សា​ជាតិជាន់ខ្ពស់ និងអ៊ុនតាក់ទេ។ ចំណែកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) ដែលមានព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ជាព្រះប្រធាន គឺជាយន្តការមួយទៀត សម្រាប់​ដោះស្រាយនូវ​រាល់​វិវាទផ្នែករដ្ឋបាល ឬការ​តវ៉ារវាង​ផ្សេងៗ​ពីបណ្តាភាគីខ្មែរទាំង៤ លើការកិច្ចការពាក់ព័ន្ធនឹងការបោះឆ្នោត ឬកិច្ចការផ្សេង​ទៀត។ ក្រុមប្រឹក្សា​ជាតិជាន់​ខ្ពស់ ក៏មានភារកិច្ច​ស្វែងរកជំនួបឱ្យសម្រាប់ការបោះឆ្នោត សម្រាប់ជួយសង្រ្គោះប្រជាជន ពេលជួបគ្រោះ​មហន្តរាយ​ផ្សេងៗ​ដែរ តែពុំមានសិទ្ធិ ឬមានអំណាចគ្របដណ្តប់លើរដ្ឋាភិបាលរដ្ឋកម្ពុជា ឬអ៊ុនតាក់ឡើយ។ ដោយឡែក អ៊ុនតាក់ គឺជាយន្ត​ការ​មួយផ្សេងទៀត មាន​តួនាទី​សម្រាប់កាពារសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំបោះឆ្នោតដោយសេរី។ ដូចគ្នាដែរ អ៊ុនតាក់​ក៏មិនមានសិទ្ធិអំណាច​គ្រប​ដណ្តប់លើរដ្ឋាភិបាលរដ្ឋកម្ពុជា និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ ប៉ុន្តែ មានភារកិច្ចចូលរួមដោះស្រាយ នៅ​ពេលក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់មានការចាំបាច់ត្រូវកោះប្រជុំ។

បើតាមឯកឧត្ដម ពៅ សុខ បានកត់សម្គាល់ឃើញថា ករណីខ្លះអ៊ុនតាក់ ហាក់លម្អៀងទៅរកភាគីខ្មែរក្រហម ដូចជា​ករណីការ​សម្លាប់​រង្គាល​​ដោយទាហានខ្មែរក្រហម ទៅលើប្រជាជនខ្មែរ និងអាណិកជនវៀតណាមនៅឃុំចុងឃ្នាស ខេត្តសៀមរាប នៅស្រុក​វាល​រេញ ខេត្តកំពត។ ការបាញ់ឧទ្ធម្ភាគចក្រ អ៊ុនតាក់ នៅខេត្ដបាត់ដំបង ការបាញ់រថយន្តអ៊ុនតាក់នៅខេត្ដកំពង់ធំ មិនត្រូវបាន ​អ៊ុនតាក់​ ដោះ​​ស្រាយទេ ដោយអ៊ុនតាក់គ្រាន់តែ​បង្ហាញ​ពីការសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបាន​កើតឡើងតែប៉ុណ្ណោះ។ ប៉ុន្តែ ឯកឧត្ដម ពៅ សុខ ទទួលស្គាល់ថា វត្ត​មាន​កិច្ចព្រមព្រៀងទីក្រុងប៉ារីស និង អ៊ុនតាក់ នៅកម្ពុជា មិនមែនសុទ្ធតែអវិជ្ជ​មាន​នោះទេ គឺ​មាន​ចំណុច​ល្អប្រសើរ​ច្រើន ឬយ៉ាងហោចក៏បានបង្រួបបង្រួមភាគីខ្មែរទាំង៤ ឱ្យចូលរួមទទួលស្គាល់ការពិត និងរៀបចំ​ការ​បោះ​ឆ្នោត​នៅកម្ពុជា ជាលើកដំបូងបន្ទាប់ពីបែកបាក់មិនអាចនិយាយគ្នាបានជាង១០ឆ្នាំរួចមក៕