ត្បូងឃ្មុំ៖ រដ្ឋាភិបាលបាននិងកំពូងបន្តពង្រីក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនានា នៅក្នុងទីរួមខេត្តត្បូងឃ្មុំ ជាទីក្រុងថ្មីមួយនៃខេត្តកូនពៅគេ ដែលបាននិងកំពុងធ្វើឲ្យតំបន់នេះមានភាពទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិយ៉ាងខ្លាំង។
បច្ចុប្បន្ននេះសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងត្បូងឃ្មុំ កំពុងតែមានភាពល្អប្រសើរ និងពុះកញ្ជ្រោលខ្លាំង ដែលក្នុងនោះរាប់ទាំងការសាងសង់សំណង់ស្ថាប័នបម្រើសេវាសាធារណៈ ការសាងសង់សំណង់បុរីលំនៅដ្ឋាន ក៏ដូចជាការបង្កើតទីអាហារដ្ឋាន ភោជនីយដ្ឋាន សាលារៀនឯកជន និងផ្សារឯកជន ដែលស្ថិតក្នុងតំបន់ជាដើម។ ការលេចចេញនូវវត្តមានសំណង់អាគារទាំងអស់នោះ បានជំរុញឱ្យទីផ្សារដីធ្លីនៅទីតាំងខាងលើ មានភាពពុះកញ្ជ្រោលខ្លាំងលើការទិញ-លក់ ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលបានអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនក្នុងតម្លៃ៥០លានដុល្លារ ដើម្បីផ្តល់សេវាកម្មវេជ្ជសាស្រ្តដល់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ក៏ដូចជា ខេត្តនេះឲ្យកាន់តែមានភាពកក់ក្តៅ ពិសេសទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ឋភាពខ្ពស់។
មិនយូរទៀតទេវិសាលភាពក្នុងទីក្រុងត្បូងឃ្មុំ នឹងមានភាពកាន់តែរីកចម្រើន ជាពិសេសនៅតំបន់ផ្លូវលេខ៧៣ ដែលស្ថិតនៅក្បែរមន្ទីរពេទ្យ មិត្តភាព កម្ពុជា - ចិន ត្បូងឃ្មុំ តែម្ដង ខណៈដែលកាលពីប៉ុន្មានឆ្នាំមុន គេធ្លាប់តែឃើញក្នុងរូបភាពចម្ការដំឡូង ចម្ការស្វាយ និងព្រៃស៊ុបទ្រុបប៉ុន្តែពេលនេះបានប្រែរូបរាងជាបណ្ដុំសំណង់អាគារលំនៅដ្ឋាន និងអាហារដ្ឋានយ៉ាងព្រោងព្រាត។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា តាមធម្មតានៅពេលមានតំបន់ថ្មី ទីក្រុងថ្មី វាជាឳកាសល្អសម្រាប់អភិវឌ្ឍន៍ ក្រុងរណបការកសាងហេដ្ឋារចនាសម្ព័ន្ឋកាន់តែល្អ បរិស្ថានក៏ល្អ និងមានសោភ័ណល្អ។ ហេតុនេះការវិនិយោគនៅទីក្រុងថ្មី ជាឳកាសល្អប្រសើរ ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ដែលធ្វើឲ្យការអភិវឌ្ឍកាន់តែមានភាពងាយស្រួល។
លោកបន្តថា “ខ្ញុំមានគំរោងវិនិយោគនៅទីរួមខេត្តថ្មីនេះផងដែរ ប៉ុន្តែការចាប់ផ្តើមគំរោងនឹងធ្វើឡើងនៅពេលខាងមុខ ព្រោះបច្ចុប្បន្នខ្ញុំកំពុងផ្តោតលើរាជធានីភ្នំពេញជាមុនសិន”។
អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នទីរួមខេត្តត្បូងឃ្មុំមានក្រុមហ៊ុនចន្លោះពី៣០ ទៅ៤០ក្រុមហ៊ុនកំពុងពុះដីឡូត៍លក់ និងសាងសង់បុរីលំនៅដ្ឋាននានា ដែលបាននិងកំពុងទាក់ទាញប្រជាពលរដ្ឋចូលទៅរស់នៅ ពិសេសការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនតម្លៃ៥០លានដុល្លារអាមេរិក ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនកាលពីពេលថ្មីៗនេះវានឹងជាមន្ទីរពេទ្យសំរាប់ថ្នាក់តំបន់នេះ ដែលវានឹងទាក់ទាញប្រជាជនមករស់នៅក្នុងទីរួមខេត្តនេះកាន់តែច្រើន។
ឯកឧត្តមបន្តថា “ខ្ញុំគិតថារយៈពេល៣ទៅ៥ឆ្នាំខាងមុខ ប្រជាជនរាប់ម៉ឺននាក់នឹងចូលមករស់នៅក្នុងទីរួមខេត្តថ្មីនេះ ខណៈខេត្តកំពុងរៀបចំកសាង និងពង្រីកផ្លូវបន្ថែម ព្រមទាំងរៀបចំសួនច្បារឲ្យកាន់តែមានសោភ័ណភាព សំរាប់ប្រជាពលរដ្ឋបានលំហែរកំសាន្ត”។ លោកបន្តថា “ជាមួយនឹងការរីកចម្រើននេះ បានធ្វើឲ្យតម្លៃដីធ្លីក្នុងទីរួមខេត្តនេះកើនឡើងផងដែរ ដោយសារសកម្មភាពវិនិយោគកើនឡើង”៕