នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០១៩នេះ មានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដោយមានសមាសភាពក្រុមប្រឹក្សាខេត្តសៀមរាប កំពង់ធំ ខេត្តក្បូងឃ្មុំ និង ខេត្តកំពង់ចាម ចូល ជាសិក្ខាកាម ចំនួន៥៤នាក់ ។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក ឈួន បុណ្ណា ទីប្រឹក្សាក្រសួងមហាផ្ទៃ ។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនេះ លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល សំខាន់ក្រសួងមហាផ្ទៃ ក្នុងការបណ្តុះបណ្តាលសម្រាប់ឯកឧត្តម លោកជំទាវដែលជាសមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ កាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៩កន្លងមកនេះ ។
លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាល តម្រង់ទិសនេះ គឺដើមី្បចូលរួមក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ជូនដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបចូលកាន់មុខតំណែងរបស់ខ្លួន ក្នុងការកំណែទម្រង់ស៊ីជម្រៅ ដើមី្បសម្រេចគោលដៅយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និង បន្តពង្រឹងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលថ្មីនេះឲ្យធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ព្រមជាមួយនឹងភាពស័ក្តិសិទ្ធិ នៃរដ្ឋបាលសាធារណៈ ។
លោក ក៏បានបន្តទៀតថា ដើមី្បធានាឲ្យគោលនយោបាយ និង យុទ្ធសាស្ត្រទាំងនេះទទួលបានជោគជ័យ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ ចូលរួមទទួលខុសត្រូវ អនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាល តាមរយៈ ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ព្រមទាំងបទបញ្ជា លិខិតបទដ្ឋានគតិយុត្ត នានាជាធរមាន ។
ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានចាត់ទុកថា មាន សារៈសំខាន់ចាំបាច់មិនអាចមើលរំលងបានឡើយ ។ ម៉្យាងទៀត តាមរយៈកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានយកចិត្តទុកដាក់ខ្លាំង ក្នុងការអភិវឌ្ឍន៍សមត្ថភាពទាំងក្រុមប្រឹក្សា និង មន្ត្រីរាជការស៊ីវិល ដែលកំពុងបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បគាំទ្រដល់ការកសាងសមត្ថភាព ក្នុងការបំពេញការងាររបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ។ លោក ពៅ ពិសិដ្ឋ ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំមួយចំនួន ព្រមទាំងបានផ្តល់នូវបទពិសោធន៍ការងារល្អៗ មួយចំនួនដល់សិក្ខាកាម និង មានសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លោកជំទាវ នឹងទទួលបាននូវចំណេះដឹង ថ្មីៗ ដើមី្បយកទៅប្រើប្រាស់ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និង រួមចំណែកក្នុងការសម្រេចគោលដៅ នៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង ៕