នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្ដីការក្រសួងបរិស្ថាន។ ក្នុងឱកាសនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចជាប់គ្នារហូតជារៀងរាល់ឆ្នាំ។ លោកជំទាវ បានបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតរវាងប្រទេសកម្ពុជា និងកាណាដា ជាពិសេសក្នុងវិស័យបរិស្ថាន។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រទេសកាណាដា ដែលកន្លងមក បានជួយគាំទ្រដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា ហើយនៅពេលខាងមុខ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងមានការរីកចំរើនបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការគ្រប់គ្រងបរិស្ថាន ដែលសម្រេចបានក្នុងអាណត្តិកន្លងមក និងទិសដៅការងារអាទិភាពសម្រាប់អនុវត្តនូវអាណត្តិទី៦ ដើម្បីឱ្យពលរដ្ឋមានសមត្ថភាព និងបរិស្ថានរស់នៅល្អប្រសើរ ព្រមទាំងថែរក្សាបាននូវគុណភាព និរន្តភាពបរិស្ថាន ហើយធនធានធម្មជាតិ ត្រូវបានការពារ និងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប។
ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ អនុញ្ញាតឲ្យលោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា ចូលជួបសម្តែងការគួរសម
