រាជធានីភ្នំពេញ ៖ កិច្ចប្រជុំក្រុមការងារស្ម័គ្រចិត្តលើកទី២ ទិវាជាតិអំណានលើកទី៥ ត្រូវប្រារព្ធឡើងដើម្បីរៀបចំសកម្មភាពនៃការប្រារព្ធទិវាជាតិអំណានលើកទី៥ ឲ្យមានដំណើរការទៅដោយរលូនល្អ។ ទិវាជាតិអំណានត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធរួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ ។
កិច្ចប្រជុំក្រុមការងារស្ម័គ្រចិត្ត ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
ព្រឹត្តិការណ៍ទិវាជាតិអំណាននេះ ត្រូវបានពង្រីកកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ឆ្នាំនេះមានក៏ដូចជាឆ្នាំកន្លងមកដែលការចូលរួមពីក្រុមការងារស្ម័គ្រចិត្តផងដែរ។ សម្រាប់ឆ្នាំ២០២០នៅក្នុងទិវាជាតិអំណានលើកទី៥ មានព្រឹត្តិការណ៍ដូចជា ៖
– កម្មវិធីពិព័រណ៍សៀវភៅ៖ ចាប់ពីថ្ងៃទី៦-៨ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
- ការប្រឡងប្រណាំង អាន ស្មូតកំណាព្យ និងតែងនិពន្ធ៖ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលក្រសួង
- ទិវាជាតិអំណាន៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា