លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យសមិទ្ធផលនៃការអភិរក្សសំណង់ព្រះវិហារដ៏ចំណាស់នៅវត្តរាជបូណ៌


នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច អមដំណើរដោយលោកជំទាវរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យសមិទ្ធផលនៃការអភិរក្សសំណង់ព្រះវិហារដ៏ចំណាស់នៅវត្តព្រះរាជបូណ៌ ដែលព្រះវិហារនេះត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកែលម្អនាពេលកន្លងមក។
ព្រះវិហារដ៏ចំណាស់នេះបានរងភាពទ្រុឌទ្រោមតាមសម័យកាល ទើបនឹងបានក្រុមអ្នក ជំនាញខាងផ្នែកអភិរក្សធ្វើការជួសជុលដំបូល កែលម្អសសរ លាងសំអាតបដិមា រូបគំនូរបុរាណតាមជញ្ជាំង និងហោជាង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលក្រាបថ្វាយបង្គុំ និងសួរសុខទុក្ខ ព្រះមហា វិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅ អធិការវត្តរាជបូណ៌ដែរ៕