រដ្ឋបាលខេត្តសៀមរាបនិងក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍


នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធ។

សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍នេះ ដើម្បីឱ្យមានជនបង្គោលសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាទេសចរណ៍ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។

ឯកឧត្តម អភិបាលខេត្តសៀមរាប បានផ្តាំផ្ញើថា បន្ទាប់ពីសិក្ខាសាលានេះ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីដែលជាជនបង្គោលទាំងអស់នឹងយកពិសោធន៍ទាំងនេះទៅអនុវត្តនិងបម្រើសេវាទេសចរណ៍ឱ្យបានប្រសិទ្ធភាពខ្ពស់ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។ ឯកឧត្តម បានបញ្ជាក់ថា ទោះបីជាប្រទេសយើងមានការឆ្លងជំងឺកូវីដ១៩ក្តី តែជំងឺនេះ គឺជាការនាំចូល ហើយក៏មិនទាន់មានករណីស្លាប់ផងដែរ។

បន្ទាប់ពីសិក្ខាសាលានេះ លោក លោកស្រីដែលជាសិក្ខាកាមក្នុងថ្ងៃនេះ អាចយកចំណេះជំនាញទាំងនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមការណែនាំ និងនីតិវិធីដែលបានបង្ហាញនាថ្ងៃនេះ៕