នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប និងប្រធាន និងអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ លោកអភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ លោកមេឃុំ និងក្រុមប្រឹក្សាឃុំអូរសម្ព័រ និងបណ្តាឃុំជាប់នឹងឃុំអូរសម្ព័រ ស្រុកម៉ាឡៃជាច្រើនរូបទៀត បានញ្ជើញចុះធ្វើការពិនិត្យ ធ្វើការសិក្សាឈានទៅធ្វើការអនុវត្តអនុគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តអូរសម្ព័រ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងពេលខាងមុខ។
សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការដាក់យុទ្ធសាស្រ្តដ៏មុឺនម៉ាត់បំផុត ឲ្យឯកឧត្ដមអនុរដ្ឋលេខាធិការ ធ្វើការខ្ចប់ទឹកទុក និងប្រើប្រាស់ទឹកទាំងនោះតាមតំបន់ព្រំដែនក្នុងភូមិសាស្រ្តច្រករបៀងអូរសម្ព័រនេះឲ្យបានមានប្រសិទ្ធិភាពខ្ពស់ប្រកបដោយនិរន្តរភាពដើម្បីលុបបំបាត់ចោលឲ្យខាងតែបានលើការបាត់បង់នូវបរិមាណទឹកដ៏ច្រើនតាមច្រកអូរសម្ព័រនេះហូរធ្លាក់ចូលទៅក្នុងប្រទេសជិតខាង ដែលជាមូលហេតុធ្វើ ឲ្យកញ្ចប់ផែនការតម្រូវការទឹករបស់ខេត្តបន្ទាយមានជ័យ ជួបនឹងហានិភ័យជារឿយៗ។
ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យ ឯកឧត្តម ចាន់ ស៊ីណាត ធ្វើការអូសទឹកពីប្រព័ន្ធធារាសាស្រ្តអូរស្ព័រមកកាន់តំបន់តាគង់ តំបន់ព្រៃខ្ពស់ តំបន់ពោធិ៍ពីរដើម តំបន់អូរចារ តំបន់ល្វា តំបន់សឿ តំបន់រហាត់ និងតំបន់អូរស្ងួតទាំងមូល ដេីម្បីធ្វើការដោះស្រាយបញ្ហាខ្វះខាតទឹកក្នុងបណ្តាតំបន់ខាងលើឲ្យបានជាស្ថាពរ ៕
ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើការពិនិត្យ ធ្វើការសិក្សាឈានទៅធ្វើការអនុវត្តអនុគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តអូរសម្ព័រ ក្នុងស្រុកម៉ាឡៃ
