កម្ពុជាមិនអស់ចិត្តរឿងអាមេរិក ដាក់ចំណាត់ថ្នាក់លេខ២ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងប្រាប់ឲ្យអាមេរិកមកសួរអ្នកអនុវត្តផ្ទាល់ ល្អជាងស្ដាប់អ្នករាយការណ៍


គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បង្ហាញការមិនអស់ចិត្ត ដែលសហរដ្ឋអាមេរិកដាក់ចំណាត់ថ្នាក់លេខ២ជូនកម្ពុជា ស្ថិតក្រោមការឃ្លាំមើលរឿងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់កម្ពុជា ដែលកំពុងខិតខំយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ចំណាត់ថ្នាក់លេខ២ ជាប្រទេសស្ថិតក្រោមការឃ្លាំមើល ដែលដាក់ផ្ដល់ដោយសហរដ្ឋអាមេរិក មកលើប្រទេសកកម្ពុជានេះ មានន័យថា ប្រទេសកម្ពុជា បានប្រឹងប្រែងតិចតួចប៉ុណ្ណោះ ក្នុងការប្រយុទ្ធប្រឆាំងជាមួយអំពើជួញដូរមនុស្ស។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានអះអាងថា ការវាយតម្លៃរបស់សហរដ្ឋអាមេរិក គឺមិនបានមកសហការជាមួយអ្នកអនុវត្តផ្ទាល់របស់កម្ពុជានោះទេ ពោលគ្រាន់តែស្ដាប់តាមអ្នករាយការណ៍ ដែលមិនមែនជាអ្នកអនុវត្តផ្ទាល់តែប៉ុណ្ណោះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីកិច្ចការពារកុមារពីអំពើជួញដូរ ការរំលោភបំពានផ្សេងៗ និងការធ្វើទេសន្ដប្រវេសន៍ លោកជំទាវ ជូ ប៊ុនអេង បានផ្ដាំទៅសហរដ្ឋអាមេរិកថា ដើម្បីឲ្យមានភាពសុក្រិត្យក្នុងការវាយតម្លៃ អាមេរិកគប្បីមកសួរផ្ទាល់ជាមួយអ្នកអនុវត្ត ព្រោះការដាក់ចំណាត់ថ្នាក់លេខ២ ក្នុងការឃ្លាំមើលនេះ មិនយុត្តិធម៌ឡើយសម្រាប់កម្ពុជា។

លោកជំទាវរី ជូ ប៊ុនអេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ឆ្នាំក្រោយតទៅទៀតនឹងមានការយោគយល់គ្នាកាន់តែច្រើន ដោយសារយើងចង់ឲ្យភាគី សហរដ្ឋអាមេរិក គាត់ធ្វើការសហការជាមួយនឹង រាជរដ្ឋាភិបាលឲ្យបានល្អ ជាជាងកាលដែលគាត់ស្ដាប់តាមប្រព័ន្ធផ្ដល់ព័ត៌មានឲ្យគាត់ផ្សេងៗ ដែលមិនមែនជាអ្នកអនុវត្តផ្ទាល់។ ការវាយតម្លៃនេះធ្វើឲ្យយើងមិនសប្បាយចិត្ត ទោះបីយ៉ាងណាយើងនៅតែប្រឹងប្រែងដើម្បីប្រទេសជាតិយើង»

ក្នុងនាមជាអ្នកបច្ចេកទេស និងទទួលបន្ទុកអនុវត្តផ្ទាល់លើការងារនេះ លោកជំទាវ ជូ ប៊ុនអេង បានអះអាងថា កម្ពុជាមិនសប្បាយចិត្តនោះឡើយ ដែលនេះហាក់មានភាពអយុត្តិធម៌ ហើយកម្ពុជាលំបាកក្នុងការបកស្រាយត្រឡប់ទៅវិញ ដោយសារសហរដ្ឋអាមេរិក បានផ្សាយនូវការដាក់ចំណាត់ថ្នាក់នេះហើយ ទើបសួរនាំក្រោយទៅវិញ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក្នុងកិច្ចប្រជុំពង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាពេលកន្លងទៅ បានដាក់ចេញនូវទិសដៅស្រួចទៅលើការឯកភាពគ្នា ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំសភាពការណ៍ និងរបាយការណ៍ ដើម្បីសម្ដៅចាត់វិធានការឲ្យមានប្រសិទ្ធភាព។

អ្វីដែលសំខាន់ក្នុងការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន គឺការស្ដារកិត្តិយសរបស់ប្រទេសកម្ពុជា និងរំដោះជនរងគ្រោះចេញពីអំពើជួញដូរ ហើយរឿងដាក់ចំណាត់ថ្នាក់ជារឿងផ្សេងមួយដោយឡែក។

គួរជម្រាបថា យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ទូទាំងប្រទេសបានបង្ហាញអំពីលទ្ធផល នៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទថា មានភាពល្អប្រសើរជាងមុន នៅឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។

សម្រាប់ការបង្ក្រាប និងសង្គ្រោះជនរងគ្រោះ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ចំនួន២២ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ លើ១៣៤ករណី មានការកើនឡើង ៣៥ករណី ស្មើនឹង ២៦.១១ភាគរយ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២២៩ លើ២២៤នាក់ ក្នុងនោះមានស្ត្រី ៧២នាក់ ក្នុងនោះជនសង្ស័យជាអនីតិជន ចំនួន ១១នាក់ និងជនបរទេសចំនួន ៤០នាក់ មាន៧សញ្ជាតិ។

សង្គ្រោះជនរងគ្រោះបានចំនួន ៤៥៦ លើ២៣០នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១៤១នាក់អាយុ ១៥ ដល់១៧ឆ្នាំ មាន៥៥នាក់ និងអាយុ ១៨ឆ្នាំឡើងទៅ ២៦០នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ចចំនួន ១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញចំនួន ២៩១នាក់)៕