នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបុណ្យសូត្រមន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ឆ្លងចូលឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ក្រោមអធិបតីភាពឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រោះព្រំសុំសេចក្តីសុខ និងសិរីសួស្តីសុភមង្គល វិបុលសុខគ្រប់ប្រការ ប្រកបការងារបានត្រជាក់ត្រជំ ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្រ្តីរាជការក្រោមឱវាទ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រគេនទេយ្យទានព្រះសង្ឃចំនួន៧អង្គ និមន្តមកពីវត្តគឹម សាន្ត និងវត្តវាលស្បូវ ដោយក្នុង១អង្គៗ ចង្ហាន់០១ស្រាក់ ទឹកសុទ្ធ០១កេស ទឹកក្រួច០១កេស ផ្លែឈើ០១កន្រ្តក់ និងផាលាង១សម្រាប់ និងបច្ច័យមួយចំនួន ក្នុងនោះដែរក៏មានការអញ្ជើញរាប់បាត ពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយឡែកមានការអញ្ជើញមកពីក្រុមសិល្បៈមកពីសមាគម ចលនា វប្បធម៍ជាតិ ដើម្បីកុមារកំព្រា និងកុមារក្រីក្រ បានសម្តែងរបាំជូនពរ និងរបាំទ្រុឌ ដើម្បីសុំសេចក្តីសុខ ក្នុងឱកាសឆ្នាំថ្មីខាងមុខ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ មហាសង្រ្កាន្តនឹងចូលមកថ្ងៃសុក្រ ០៣រោច ខែចេត្រ ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៣:១២នាទី(រំលងអធ្រាត្រយប់នៃថ្ងៃទី១៣)។ តាមទំនៀមទម្លាប់ សង្ក្រាន្តទាំង៣ថ្ងៃនោះ ប្រជាជនខ្មែរទាំងប្រុសស្រីនាំគ្នារៀបចំគ្រឿងសក្ការបូជាមានទៀន ធូប ផ្កាផ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម ជូនមាតាបិតា អាណាព្យាបាល ជាបុព្វការីជន ព្រមទាំងចាំទទួលទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី និងយាងមកកាន់តំណែងទេវតាឆ្នាំចាស់៕
ឯកឧត្តម នៃ ប៉េណា រៀបចំពិធីបុណ្យសូត្រមន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវិមានព្រឹទ្ធសភា
