ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងអភិបាលខេត្ត ដឹកនាំគណៈប្រតិភូចំណុះរដ្ឋបាលខេត្ត គោរពវិញ្ញាណក្ខន្ធសព និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពលោកមេឃុំសោម


នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែបុស្សឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមជាមួយ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ជាមួយក្រុមគ្រួសារ សព លោក ជុំ សុផាន មេឃុំសោម ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីព្រឹក ស្ថិតនៅគេហដ្ឋាន ក្នុងភូមិស្រែកែស ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមម្ពុជាខេត្តតាកែវ ក៏បាននាំយកនូវ អំណោយមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានពាំនាំបណ្ដាំសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព លោក ជុំ សុផាន មេឃុំសោម ជាមួយក្រុមគ្រួសារ ដោយក្ដីអាលះអាល័យឥតឧបមា ព្រមទាំងបាននាំយកសម្ភារៈមួយចំនួនរួមមាន៖ អង្ករ ៥០គីឡូ ទឹកបរិសុទ្ធ ២កេះ ទឹកក្រូច ២កេះ និងថវិកា ៥០ម៉ឺនរៀលផងដែរ ៕