ឯកឧត្តម ស៊ុន ចាន់ថុល៖ ក្រសួងបានរៀបចំជញ្ជីងអចល័ត ជញ្ជីងចល័ត និងជញ្ជីងស្វ័យប្រវត្តិ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល


ភ្នំពេញ  ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មាន​ប្រសាសន៍ថា ទាក់ទងនឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រសួងបានរៀបចំជញ្ជីងអចល័ត ជញ្ជីងចល័ត និងជញ្ជីងស្វ័យប្រវត្តិ (Weight in Motion Sensor) ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបានធ្វើយុទ្ធនាការដើម្បីទប់ ស្កាត់គ្រោះថ្នាក់ចរាចរណ៍ តាមរយៈការចែកមួកសុវត្ថិភាព បិទចំណាំងផ្លាត និងការផលិតខ្សែវីដេអូអប់រំខ្លីៗ។

ការថ្លែង​បែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ក្នុង​ឱកាស​ធ្វើបាឋកថាតាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល​ កាលពីថ្ងៃ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពាក់ព័ន្ធរបស់ក្រសួងផងដែរ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងបានទិញគ្រឿងចក្រទំនើបៗដែលមិនធ្លាប់មានជូនមន្ទីររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាងសង់ថែមទៀត ព្រោះថាក្រសួងមិនទទួលយកផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងទៀតឡើយ ។ ពោលគឺត្រូវធ្វើផ្លូវឱ្យមានគុណភាពតាមស្តង់ដារបច្ចេកទេស និងសៀវភៅបន្ទុក ដោយ​បាន​គូសបញ្ជាក់បន្ថែមទៀតថា ក្រសួងនឹងដាក់ឱ្យដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៅពេលដ៏ខ្លីខាងមុខ ដើម្បីបង្កើតថ្នាលបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកទេសសាងសង់ផ្លូវ-ស្ពាន ដល់អ្នកជំនាន់ក្រោយឱ្យមានសមត្ថភាពពេញលេញ និងអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយកម្ពុជាខ្លួនឯង។

ជាមួយគ្នានេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍផែនការមេភ័ស្តុភារកម្មកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ការប្រកួតប្រជែងវិស័យភ័ស្តុភារកម្មនៅក្នុងតំបន់ និងពិភពលោក ដោយហេតុថា កម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផល ស្ថិតនៅចំណុចកណ្ដាលនៃប្រទេសក្នុងតំបន់អាស៊ាន ហើយ​ក្រសួងត្រៀមនឹងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុន YCH ដើម្បីបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញសម្រាប់ជំហានទី១ និងជំហានបន្ទាប់នៅខេត្ត ព្រះសីហនុ។

ទន្ទឹមនឹងនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមាន​ប្រសាសន៍ផ្ដាំផ្ញើឱ្យកម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល យកចំណេះដឹងនិងបទពិសោធន៍របស់ខ្លួនទៅបម្រើជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងគួរចងចាំនូវពាក្យស្លោកមួយចំនួនដូចជា៖ មន្ត្រីគឺអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រឡើយ ត្រូវធ្វើអ្វីៗដោយឆន្ទៈ និងធ្វើឱ្យបាន បើធ្វើមិនបានកុំធ្វើ និងសម្ដីឥតប្រយោជន៍ នាំឱ្យជាតិបែកបាក់ការងារ មានប្រសិទ្ធភាពនាំឱ្យជាតិរុងរឿង។

សូមបញ្ជាក់ថា បាឋកថានេះធ្វើឡើងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធទៅនឹងការកែទម្រង់ស៊ីជម្រៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីយល់ច្បាស់អំពីទិសដៅ ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសហការអនុវត្តន៍ប្រកប​ដោយ​​ឆន្ទៈខ្ពស់៕