កំពង់ឆ្នាំង នៅថ្ងៃ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក និងសំណេះសំណាលជាមួយសហគមន៍កសិកម្ម នៅឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋាន មន្រ្តី និងបងប្អូនប្រជាកសិករជាច្រើននាក់ផងដែរ។
ឯឧត្តម វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករឭករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមិនដែលខកខានឡើយ។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមបានបន្តទៀតថា ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋកាត់បន្ថយការចំណាកស្រុកឆ្ងាយពីគ្រួសារ ដែលនាំឱ្យគ្រួសារបាត់ភាពកក់ក្ដៅ ខ្វះការជួបជុំ និងចំពេលមានកើត ឆ្លងនូវមេរោគកូវីដ-១៩នេះផង ។ ដើម្បីឱ្យការងារផលិតដំណាំស្រូវនេះបានទទួលទិន្នផលខ្ពស់និងចំណាយកម្លាំងតិច រាជរដ្ឋាភិបាលបានរៀបចំក្រុមការងារអ្នបច្ចេកទេសជួយបំប៉នផ្នែកផលិតកម្មស្រូវ សម្រួលដល់ការយល់ដឹងរបស់កសិករយើង។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែម ដល់ប្រជាកសិករ នៅក្នុងការផលិតស្រូវ ដំណាំរួមផ្សំផ្សេងៗទៀតដើម្បីបង្កើនបរិមាណផលិតផល និងធានាគុណភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារដែលជាផលិតផលសរីរាង្គ និងដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកបរិភោគ។ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុក ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ពីការផលិតស្រូវតាមបែបបូរាណ មកជាផលិតតាមបែបបច្ចេកទេសថ្មី និងទទួលបានទិន្នផលខ្ពស់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចែកឧបករណ៍ព្រោះស្រូវចំនួន ១០គ្រឿងដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ព្រមទាំងបានអញ្ជើញចូលរួមប្រមូលផលស្រូវជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលការលូតលាស់ដំណាំស្រូវដែលបានស្តារឡើងវិញរបស់បងប្អូនប្រជាកសិករ នៅជាប់ទីតាំងប្រារព្ធពិធីនេះផងដែរ ៕