នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានសរសេរថា អបអរសាទរខួបទី ៣៦ឆ្នាំ នៃ ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន។ ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះសម្តេច តេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។
នៅលើផេកផ្លូវការរបស់សម្ដេចតេជោ បានគូសបញ្ជាក់ថា ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជា បានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍ បំផុតរបស់កម្ពុជា បានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។ នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខ ភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕