រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ថ្លែងថា ការអភិរក្សធនធានធម្មជាតិ ដើរតួរនាទីសំខាន់ក្នុងការជំរុញសកម្មភាពអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន


សៀមរាប កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថ្លែងបិទវេទិកាជាតិអេកូទេសចរណ៍លើកទី២ នៅខេត្តសៀមរាប ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពធន់នឹងវិបត្តិ បានរួមចំណែក ទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះ នៃចំនួន ភ្ញៀវទេសចរអន្តរជាតិ​ ខណៈដែលដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩នេះ គឺមាន ចលនាទេសចរផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍​ និងសហគមន៍ទេសចរណ៍​មានសន្ទុះ កើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

​ឯកឧត្តមបាន​បន្តថា ការអភិរក្សធនធានធម្មជាតិដើរតួរនាទីសំខាន់ក្នុងការជំរុញ សកម្មភាពអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ដូច្នេះដើម្បីឱ្យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដំណើរការទៅកាន់តែល្អ ហើយសិក្ខាមនៃវេទិកាជាតិអេកូទេសចរណ៍លើកទី២ បានបែងចែក គ្នាជាក្រុមចុះទៅឈ្វេងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមកនៅតាមសហគមន៍ ទេសចរណ៍ចំនួន៦រួមមាន៖ សហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ សហគមន៍ទេសចរណ៍ភ្នំគូលែន សហគមន៍ភូមិធម្មជាតិរុនតាឯក និងសហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រីហើយក៏ជា ឱកាសមួយដែលផ្តល់ឱ្យទីភ្នាក់ងារទេសចរនានាបានជួបផ្ទាល់ជាមួយសហគមន៍ទេសចរណ៍ ដើម្បីអាចឱ្យខាងទីភ្នាក់ងាទេសចរ រៀបចំកញ្ចប់ទស្សនាទៅតាមសហមន៍ទេសចរណ៍នានា។