ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្តល់អំណោយសប្បុរសធម៌ជូនលោក ឌួង គន្ធី ជាគ្រូបង្រៀនតៃខ្វាន់ដូនៅក្នុងក្រុងតាខ្មៅ


ដោយទទួលបានដំណឹងពីបណ្តាញសង្គមពីជីវភាពខ្វះខាតចំពោះមុខក្នុងរយៈពេលរដូវកូវីដ-១៩របស់លោកគ្រូតៃខ្វាន់ដូរូបនេះ ទើបនារសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយទៅប្រគល់ជូនលោក​ ឌួង​ គន្ធី​ អាយុ​៥៨ឆ្នាំ និងភរិយា ព្រមទាំងកូនៗចំនួន ០២នាក់ គឺកូនស្រីច្បងអាយុ១៦ឆ្នាំ​ កំពុងរៀនថ្នាក់ទី១១ និងកូនប្រុសអាយុ១៣ឆ្នាំ​ កំពុងរៀនថ្នាក់ទី៨ ​រស់នៅភូមិក្រពើហារខាងលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០០៨មក​ លោក​ ឌួង​ គន្ធី​ ទទួល បង្ហាត់សិស្សទទួលបានប្រាក់កម្រៃបន្តិចបន្តួច​ និងក្រៅពីនេះ​ គាត់រត់ម៉ូតូឌុបរកចំណូលបន្ថែម។ ចំណែកឯប្រពន្ធឈ្មោះ​ អ៊ុំ​ សុចិន្តា​ ធ្លាប់ធ្វេីការក្រុមហ៊ុន​ តែដោយសារគាត់មានជម្ងឺស្ត្រីជាប់ជាប្រចាំមានការអាក់ខានទៅធ្វេីការមិនទៀងទាត់ក៏ត្រូវក្រុមហ៊ុនបញ្ឈប់ ។ បច្ចុប្បន្នគ្រួសារមួយនេះរស់នៅក្នុងផ្ទះឈើទ្រុឌទ្រោមខ្លាំងសង់ពីបំណែកក្តា​ ឈេី​ និងស័ង្កសីចាស់ៗតែប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត ប្រាក់ដែលលោករកបាន គឺសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អោយកូនៗទៅរៀនសូត្រ ហើយត្រូវចំណាយមួយចំនួនលើការជួសជុលផ្ទះសំបែងផងដែរ ។
អំណោយដែលផ្តល់ជូនគ្រួសារលោកនៅពេលនេះរួមមាន៖
០១-ថវិកា ២លានរៀល
០២-ត្រីខ ០១កេសធំ
០៣-មី ០៥កេសតូច
០៤-អង្ករ ១០០គីឡូ
០៥-ភួយ ០២
០៦-ខ្នើយ ០២
០៧-ម៉ុង ០២
០៨-សាប៊ូ ១២ដុំតូច
០៩-វិទ្យុ ១ និង ថ្មពិល ០៤គ្រាប់
១០-តែ ១០កញ្ចប់
១១-ស្កសរ ៥គីឡូ
១២-ពូក ០១
១៣-ឆ្នាំង ០២
១៤-កន្ទេល ០២
១៥-ខ្ទះ ០១
១៦-កំសៀវ ០១
១៧-កាធុន ០១
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ជាពិសេសលោកក៏បានជំរុញអោយលោកគ្រូ និងក្រុមគ្រួសារចូលរួមប្រយុទ្ធប្រឆាំង​ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​។​ ទន្ទឹមនឹងនេះ​ សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់​ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។