ឯកឧត្តម ហ៊ុន ម៉ានី និងសហការី បានអញ្ជើញចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ និងសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មចាក់វ៉ាក់សាំងជូនដល់មន្រ្តីអប់រំ លោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ នៅវិទ្យាល័យឬស្សីកែវ


នារសៀលថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងសហការី បានអញ្ជើញចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ និងសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មចាក់វ៉ាក់សាំងជូនដល់មន្រ្តីអប់រំ លោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ នៅវិទ្យាល័យឬស្សីកែវ។
សូមជម្រាបជូនថា ដោយមានការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីអប់រំ លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ទូទាំងប្រទេស ត្រូវបានចាត់បញ្ចូលជាក្រុមអាទិភាពមួយដែលនឹងត្រូវទទួលវ៉ាក់សាំងកូវីដ-១៩។ ជាក់ស្ដែងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ១៩ ក្នុងក្របខណ្ឌទូទាំង បានកំណត់ទីតាំង១៥ កន្លែង ដើម្បីរៀបចំ សម្របសម្រួល​ចាក់វ៉ាក់សាំង​ជូនដល់ មន្ត្រី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ​ឱ្យ​បាន​គ្រប់គ្នា​តាម​គម្រោង​ផែនការ​ ស្រប​តាម​អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
ឆ្លៀតក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការទី៧ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តទាំងអស់ក្នុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ ទន្ទឹមនេះ គណៈកម្មការ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗរូប សូមបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល រួមមានការប្រកាន់ខ្ជាប់នូវវិធាន ៣ ការពារ ៣កុំ និងការចូលរួមស័្មគ្រចិត្តទទួលចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិ។