នាថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំប្រចាំខែក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ។
នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អមដំណើរដោយឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា អភិបាលខេត្តកំពង់ធំ និងមន្ត្រីរាជការមួយចំនួនបានអញ្ជើញសួរសុខទុក្ខ និងប្រគល់ផ្ទះ៣ខ្នង ក្នុង១ខ្នងទំហំ ៤ម៉ែត្រគុណនឹង១២ម៉ែត្រអំពីបេតុង ដល់ប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិក្រសាំងជ្រុំជើង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ទៅតាមការសន្យាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែល ឯកឧត្តមបណ្ឌិត បានចុះមកសួរសុខទុក្ខផ្ទាល់នៅពេលនោះ និងនៅពេលនេះផ្ទះទាំង៣ខ្នង បានសាងសង់រួចរាល់ ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា នេះជាចំនួនផ្ទះថ្មីបន្ថែមទៀតដែល ឯកឧត្តមបណ្ឌិត ធ្លាប់បានផ្តល់ជូនប្រជាពលរដ្ឋ ។ បានជម្រាបជូនពីស្ថានភាពជំងឺ កូវីដ១៩ និងណែនាំឲ្យមានការ អនុវត្តន៍តាមវិធានការការពារ និងការគោរពច្បាប់ ។ បានថ្លែងអំណរគុណចំពោះសប្បុរជនដែលបានចូលរួមជាមួយ ឯកឧត្តមបណ្ឌិត ។ ចុងក្រោយ ឯកឧត្តមបណ្ឌិត បានជូនពរក្នុងឧិកាសពិធីបុណ្យចូលឆ្នាំថ្មី និងការចូលនៅក្នុងគេហដ្ឋានថ្មីនេះប្រកបដោយសេចក្តីសុខចម្រើន ។
ក្នុងឧិកាសនោះដែរ ឯកឧត្តមបណ្ឌិត បានផ្តល់ជូនទាំង៣គ្រួសារ នូវថវិកា គ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ ។
លោកអភិបាលស្រុកស្ទោង និងគ្រួសាររងគ្រោះទាំង៣គ្រួសារ បានថ្លែងនូវសេចក្តីត្រេកអរ និងអរគុណជាទីបំផុត ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល និងគណៈប្រតិភូរួមដំណើរនៅពេលនេះ ។ យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចក្នុងមួយជីវិតនូវសណ្តានចិត្តដ៏ឧត្តុង្គឧត្តមនេះ ៕








