ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ស័ង្កសី និងបញ្ជាឱ្យកងកម្លាំង ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់នៅប៉ោយប៉ែត


(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកងកម្លាំងជាច្រើននាក់ ចុះជួយអន្តរាគមន៍ភ្លាមៗក្នុងហេតុការណ៍ភ្លៀង និងលាយខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

ភ្លៀងផ្គរ លាយឡំនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំងនោះ បានធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋប្រមាណ ១៩ខ្នង និងបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសធ្ងន់ស្រាលប្រមាណ ៥នាក់ផងដែរ។

ក្រោមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលឱ្យបង្កើនស្មារតីក្នុងការសង្គ្រោះពលរដ្ឋពេលជួបធម្មជាតិផ្សេងៗនោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានចាត់តាំងកម្លាំងចុះអន្តរាគមន៍ជួយភ្លាមៗ សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល និងអាជ្ញាធរមូលដ្ឋាន ដោយជួយរុះរើបំណែកផ្ទះប្រជាពលរដ្ឋខូចខាត និងជួយធ្វើរោងស្នាក់នៅបណ្តោះអាសន្ន ចំនួន ១គ្រួសារ ព្រមទាំងបានបញ្ជូនរថយន្តសង្រ្គោះ ក្រុមគ្រូពេទ្យព្យាបាលជូនប្រជាពលរដ្ឋដែលរងរបួសផងដែរ។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយធម្មជាតិផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ស័ង្កសីចំនួន ៥,០០០សន្លឹកសម្រាប់ឆ្នាំ២០២១ ត្រៀមទុកសម្រាប់អង្គភាពចេញបេសកកម្ម បំពេញប្រតិបតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ។

នៅដើមឆ្នាំ២០២១នេះគិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ អង្គភាពបានចេញប្រតិបត្តិការជួយសង្រ្គោះដោយខ្យល់កន្រ្តាក់សរុបចំនួន៨លើក។ ៨លើកនេះ អង្គភាពបានប្រើប្រាស់កម្លាំងសរុបចំនួន២៩៥នាក់ ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៤៧ខ្នង ក្នុងនោះខូចធ្ងន់ចំនួន១៥ខ្នង ប្រើប្រាស់ស័ង្កសីអំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា សរុបចំនួន ៩៧៥សន្លឹក៕