លោកសាយ ម៉េងគីម ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគីរី នាំយកទេយ្យវត្ថុនិងបច្ច័យប្រគេនព្រះសង្ឃនៅវត្តចំនួន ៣ នៅក្នុងស្រុកកោះញែក


មណ្ឌលគិរី ÷ ដោយមើលឃើញពីការខ្វះខាត នៅតាមទីវត្តអារាមក្នុងបរិបទនៃវិបត្តិជំងឺកូវីដ ១៩ ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សាយ ម៉េងគីម សមាជិកយុវជនថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងមានការចូលរួមពីស.ស.យ.កស្រុក បាននាំយកទេយ្យវត្ថុនិងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៣ក្នុងស្រុកកោះញែក គឺ វត្តសុវណ្ណរុក្ខារាម (វត្តស្រែជង ) វត្តពេជ្រគិរីសុវណ្ណារាម (វត្តទួល ) និងវត្តកងមាសគោះខ្ទធម្មភព កាលព្រឹកថ្ងៃទី ២ ខែឧសភាឆ្នាំ ២០២១។
នៅក្នុងឱកាសនោះ លោក សាយ ម៉េងគីម បានជម្រាបជូនពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តមណ្ឌលគិរីផងដែរ ថា ប្រទេសកម្ពុជាយើងកំពុងទទួលរងនូវការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លា ជាពិសេសនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយក្នុងមួយថ្ងៃៗមានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ ហើយរហូតមកទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៤,៥២០នាក់ និងអ្នកស្លាប់ចំនួន ១០៣ នាក់ ។
ប្រឈមមុខនឹងការរាតត្បាតដ៏ខ្លាំងក្លានេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ព្រមទាំងដាក់ចេញនូវវិធានការ សេចក្តីសម្រេចនានាក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាល និងឈានឆ្ពោះទៅរកការបិទបញ្ចប់នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។
លោក សាយ ម៉េងគីម បានបន្ថែមថា សម្រាប់ខេត្តមណ្ឌលគិរីក៏មានករណីឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍២០ កុម្ភៈចំនួន ៣ នាក់ផងដែរ ដោយអ្នកជំងឺទាំងនោះត្រូវបានដាក់ឲ្យសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានដាក់ឲ្យធ្វើចត្តាឡីសក័នៅមណ្ឌលចត្តាឡីសក័និងនៅផ្ទះ ដើម្បីកាត់ផ្ដាច់ប្រភពចម្លងបន្ត ។ ក្រៅពីនេះរដ្ឋបាលខេត្តមណ្ឌលគិរី បានដាក់ចេញនូវវិធានការ និងសេចក្ដីសម្រេចមួយចំនួនទៀត ដើម្បីធានាប្រសិទ្ឋភាពទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍បន្ត ។
លោកសាយ ម៉េងគីម ក៏បានស្នើដល់ព្រះសង្ឃនិង លោកតាអាចារ្យ ជួយផ្សព្វផ្សាយបន្តដល់ពុទ្ធបរិស័ទអោយចូលរួមអនុវត្តតាមវិធានការ ៣ ការពារ ៣កុំ ឱ្យបានជាប់ជានិច្ច ដើម្បីកាត់បន្ថយពីហានិភ័យឆ្លងជំងឺកូវីដ១៩ ។
ទេយ្យវត្ថុនិងបច្ច័យ ប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន ៣ក្នុងស្រុកកោះញែកនៅពេលនោះ ដោយក្នុងមួយវត្តទទួលបាន អង្ករ ១០០គីឡូក្រាម , ត្រីខ ៣យួរ ,ទឹកសុទ្ឋ ៥កេះ ,មី៥ ដុំ , ទឹកត្រី ២យួរ , ភេសជ្ជៈ ២កេះ ,ម៉ាស ៥ប្រអប់ , អាល់កុល ១០លីត្រ និង បច្ច័យ ២០០,០០០រៀល ។