លោកជំទាវ ម៉ាណ ណាវី បាន​នាំយកអំណោយ​ដ៏ថ្លៃថ្លា​របស់ឯកឧត្តម ហ៊ុន ម៉ានី ចែកជូនប្រជាពលរដ្ឋខ្វះខាត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងសង្កាត់ដើមមៀន ក្រុងតាខ្មៅ


នៅព្រឹកថ្ងៃទី​២ ខែ​ឧសភា​ ឆ្នាំ​២០២១​ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា​ ​ រួមដំណើរដោយ​ឯកឧត្ដម​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ បាន​នាំយកអំណោយ​ដ៏ថ្លៃថ្លា​របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ២២៦គ្រួសារ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង​ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៧៤គ្រួសារទៀត​ នៅ​ក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល​ ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ាណ ណាវី បានណែនាំឱ្យប្រជាពលរដ្ឋគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ ជាពិសេសក្នុងខែរ៉ាម៉ាឌន សូមបន្តប្រតិបត្តិខែបួស ថ្វាយបង្គំជាលក្ខណៈគ្រួសារនៅតាមផ្ទះរៀងៗខ្លួន បើមិនចាំបាច់ មិនត្រូវចេញក្រៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ។
សូមបញ្ជាក់ថាអំណោយដែលចែកជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២០គីឡូ​ក្រាម មី ១​កេស​តូច​ ទឹកស៊ីអ៊ីវ ១យួរ​ ត្រីខកំប៉ុង​ ១យួរ ។
តមកនៅព្រឹកថ្ងៃដដែលនេះដែរ​ លោកជំទាវ ម៉ាណ ណាវី
បានរួមដំណើរជាមួយ​ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា លោកជំទាវ Ayda Unlü ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមខ្វះខាត ចំនួន ៣០០គ្រួសារ ដោយមានតំណាង ៣០នាក់ មកទទួលជានិមិត្តរូប
នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អំណោយដែលចែកជូននាពេលនេះទទួលបានការឧបត្ថម្ភពី ទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) នៃប្រទេសតួកគី តាមរយៈលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការរៀបចំជាមួយសមាគមសម្ព័ន្ធយុវជនមនុស្លិមកម្ពុជា ដោយក្នុងកញ្ចប់អំណោយនីមួយៗ មាន អង្ករ ១០គីឡូក្រាម មី ២៥កញ្ចប់ ទឹកដោះគោ ២កំប៉ុង ស្កសរ ២គីឡូក្រាម ទឹកក្រូច ១ដប ចំណុះ ១.៥លីត្រ និង ប្រេងឆា ១លីត្រ ។
សូមជម្រាបផងដែរថា សម្រាប់ខែរ៉ាម៉ាឌន នៅឆ្នាំ២០២១ នេះ TIKA បានឧបត្ថម្ភជាកញ្ចប់អាហារចំនួន ៩០០កញ្ចប់ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ ៥០០គ្រួសារ នៅរាជធានីភ្នំពេញ ក្នុងនោះ ៣០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១ ២០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ២ និងតាមបណ្តាខេត្តចំនួន ៤០០គ្រួសារ ៕